ចាប់បាន​ហើយ ចោរប្លន់​យក​រថយន្ត​​របស់មន្ត្រី​យោធា​នៅ​ក្រុងព្រះសីហនុ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ បុរស​២​នាក់ ត្រូវបាន​ចាប់ខ្លួន​ជា​បន្តបន្ទាប់​នៅក្នុង​ខេត្តកណ្តាល ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​យក​រថយន្ត​ទំនើប​មួយគ្រឿង​ពីក្នុងផ្ទះ​មន្ត្រី​យោធា​ម្នា​ក់នៅ​ក្រុងព្រះសីហនុ កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា កន្លងទៅនេះ​។​

​ប្រភពពី​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បានអោយដឹងថា នៅ​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ វេលា​ម៉ោង ១៥:៣០ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​បើក​ប្រតិបត្តិការ និង​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ឡាយ សុ​ផន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ នៅ​ចំណុច​ស្រុក​ពញាឮ ខេត្តកណ្ដាល ពាក់ព័ន្ធ​ករណី​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​រថយន្ដ​)​របស់​មន្ត្រី​យោធា​ម្នាក់ ដែល​ប្រព្រឹត្ត​នៅ​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ នា​យប់​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ និង​បាន​ដកហូត​រថយន្ដ​មួយគ្រឿង ម៉ាក Fortuner ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2BA-2718 ។​

​បន្ទាប់ពី​ឃាត់ខ្លួន និង​ឆ្លងតាម​ការសួរនាំ កម្លាំង​ការិយាល័យ​បាន​បន្ដទៅ​ឃាត់ខ្លួន​បក្ខពួក​ម្នាក់ទៀត​ឈ្មោះ ហុង សារឿន អាយុ​៥០​ឆ្នាំ នៅ​ចំណុច​ភូមិ​ពុទ្ធ​សាំង ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ដោយ​ឈានដល់​ការដកហូត​អាវុធខ្លី​មួយ​ដើម ដែល​ប្រើប្រាស់​សម្រាប់ធ្វើ​សកម្មភាព ដែល​ដាក់​ក្នុង​កំសៀវ​កប់​ដី​ក្រោម​ដើម​ត្របែក​នៅក្រោយ​ផ្ទះ ស្ថិតក្នុង​ភូមិ​ឃុំ​ខាងលើ ម៉ាក​C2075 លេខ​A257297 បង់​មួយ មាន​គ្រាប់​១០​គ្រាប់ ។​

​បើតាម​របាយការណ៍ បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ហុង សារឿន កាលពី​អំឡុង​ឆ្នាំ​២០០០ ធ្លាប់ធ្វើ​សកម្មភាព​បាញ់សម្លាប់​ទៅលើ​មនុស្ស​២​នាក់ ប្រុស​ម្នាក់ ស្រី​ម្នាក់ ដោយ​ប្រើ​កាំភ្លើង​វែង​ម៉ាក AK47 នៅ​ភូមិ​រវាង ស្រុក​ទ្រាំង ខេត្តតាកែវ និង​បាន​ជាប់ពន្ធនាគារ​រយៈ​ពេល​១៣​ឆ្នាំ ចាប់ពី​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០០០ ដល់​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ពន្ធនាគារ ខេត្តតាកែវ​។​

​ដោយឡែក​ឈ្មោះ ឡាយ សុផល ក៏​ធ្លាប់​ជាប់ពន្ធនាគារ​១១​ឆ្នាំ​ផងដែរ ពីបទ​ប្លន់ នៅ​ឆ្នាំ​២០០០ ដល់​ឆ្នាំ​២០១១ នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ។​

​ក្រោយ​ការឃាត់ខ្លួន​កម្លាំង​ជំនាញ បាន​នាំខ្លួន​ជនសង្ស័យ​ទាំង​២​នាក់ និង​សម្ភារៈ​ដកហូត​ខាងលើ មកកាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ដើម្បី​ធ្វើការ​សាកសួរ រួច​បានប្រគល់​ជូ​នក​ម្លាំ​ង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដែលជា​ម្ចាស់​ករណី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕