ទូក ង វែង​ជាងគេ នឹងដាក់​តាំង​នៅមុខ​វាលមេរុ នា​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​២៤-៣០ ខែវិច្ឆិកា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2018 ក+ ក-

​ទូក​«​ង​»​វែង​ជាងគេ​ប្រវែង​ជាង ៨៧​ម៉ែត្រ​ដែល​ផលិតឡើង​ដោយ​អ្នកជំនាញ​របស់​កម្ពុជា ហើយ​ដែល បាន​ចុះ​កំណត់ត្រា​បំបែក​ឯតទគ្គ​កម្ម​ពិភពលោក Guinness World Records កាលពី​ថ្ងៃទី​១២ វិច្ឆិកា ឆ្នាំ​២០១៨ ត្រូវបាន​បន្ត​ដាក់តាំង​បង្ហាញ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​អន្តរជាតិ ទស្សនា​ចាប់ពី​ថ្ងៃទី ២៤ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​កំណាត់​វិថី​សម្តេច​សុធារស ខាងកើត​វាលមេរុ សង្កាត់ ជ័យជំនះ ខណ្ឌដូនពេញ​។

​សូមជម្រាបថា ទូក ង នេះ មាន​ប្រវែង​បណ្តោយ​សរុប ៨៧,៣០​ម៉ែត្រ ទទឹង​ធំ​បំផុត​ប្រវែង ១,៩៤ ម៉ែត្រ និង​ជម្រៅ​ទូក ០,៨០ ម៉ែត្រ កម្រាស់​ឈើ​សាច់​ទូក ៧​សង់ទីម៉ែត្រ មាន​ចំណុះ​ផ្ទុក​បាន​ចំនួន ១៧៩​នាក់​។​ទូក ង នេះ​ធ្វើ​ពី​ឈើ​គគីរ ចំនួន​៦​ដើម ហើយ​ក្បាលទូក ឆ្លាក់​រូប​ក្បាល​នាគ ឯ​កន្ទុយ​ទូក ឆ្លាក់​ជា​កន្ទុយ​ហង្ស​។ ទូក ង នេះ បាន​ប្រសិទ្ធ​នាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មានន័យថា “​ទូក ង របស់​កូន​ខ្មែរ​រស់នៅក្នុង​ដែនដី​ខ្មែរ​”៕