អុំទូក​៣​ថ្ងៃ ភ្ញៀវ​ចេញ​កម្សាន្ត​នៅ​ទូទាំង​កម្ពុ​ជាជាង​៥,៤​លាន​នាក់ ក្នុងនោះ​នៅ​ភ្នំពេញ ៤,៥​លាន​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុងអំឡុង​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ រយៈពេល​៣​ថ្ងៃ (២១-២៣ ខែវិច្ឆិកា ឆ្នាំ​២០១៨) មាន​ភ្ញៀវទេសចរ​ដែល​ចេញទៅ​កម្សាន្ត​នៅ​ទូទាំងប្រទេស​មាន​ចំនួន​ជាង ៥,៤៣​លាន​នាក់ ក្នុងនោះ​ទេសចរ​អន្តរ​ជាតិប្រមាណ​ជាង​៩​ម៉ឺន ៥​ពាន់​នាក់​។ នេះ​បើ តាម ឯ​.​ឧ​. ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ថ្លែង​បញ្ជាក់​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០១៨​។​

​ភ្ញៀវ​ដែល​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​ទេសចរណ៍​នានា ក្នុង​បណ្តា​ខេត្ត​ទូទាំងប្រទេស មាន​ចំនួន​សរុប​ប្រមាណ​ជាង ៩២​ម៉ឺន ៥​ពាន់​នាក់ កើនឡើង​ប្រមាណ​១៥,៦% ចំណែក​នៅ​រាជធានី​ភ្នំពេញ​មាន​ចំនួន ៤,៥​លាន​នាក់ កើនឡើង​ជិត​៥០% បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​។​

​បើតាម​របាយការណ៍រ​បស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​បុណ្យជាតិ​-​អន្តរជាតិ បានឱ្យដឹងថា ក្នុងចំណោម ភ្ញៀវ​ប្រមាណ ៤,៥​លាន​នាក់​ដែល​បាន​ចូលមក​ទស្សនា​ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​រាជ ធានី​ភ្នំពេញ ក្នុងនោះ​មាន​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ជាង ១​ម៉ឺន ២​ពាន់​នាក់​៕