គ​.​ជ​.​ប បិទ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នកបោះឆ្នោត និង​អ្នក​ត្រូវ​លុបឈ្មោះ ពីថ្ងៃ​នេះ​ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 25 November, 2018 ក+ ក-

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថាគ​.​ជ​.​ប បានធ្វើ​ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ​អ្នក​ដែល​បាន​ចុះឈ្មោះ​បោះឆ្នោត​ថ្មី និង​អ្នក​ដែល​ត្រូវបាន​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​៣០ ខែវិច្ឆិកា ខាងមុខ​។

​ការបិទ​ផ្សាយ​បញ្ជី​ឈ្មោះ​នេះ គឺធ្វើឡើង​នៅតាម​ឃុំ​-​សង្កាត់ នីមួយៗ​ទូទាំងប្រទេស បន្ទាប់ពី គ​.​ជ​.​ប បានបញ្ចប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​សម្រាប់​ឆ្នាំ​២០១៨ កាលពី​ជាង​ពាក់កណ្តាល​ខែតុលា​កន្លង​មកនេះ​។

​បើតាម គ​.​ជ​.​ប ការបិទ​ផ្សាយ​បញ្ជី​នេះ គឺ​បើក​ឲ្យ​មានការ​ប្តឹងតវ៉ា ឬ​ប្តឹង​ជំទាស់​ជា​លាយលក្ខណ៍អក្សរ​ទៅ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ យ៉ាងយូរ​៥​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២៧ ខែវិច្ឆិកា នេះ​ដល់​ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៨ បើសិនជា​បាន​ពិនិត្យឃើញថា មាន​ករណី​ខុសឆ្គង​ដោយ​ប្រការ​ណាមួយ​នោះ​។

​ក្រោយពី​បញ្ចប់​ការចុះឈ្មោះ​អ្នកបោះឆ្នោត​ថ្មី កាលពី​ថ្ងៃទី​១៨ ខែតុលា កន្លងមក អ្នកមាន​ឈ្មោះ​ក្នុង​បញ្ជី​ឈ្មោះ​បោះឆ្នោត​សរុប​ឆ្នាំ​២០១៨ បាន​កើន​ឡើងដល់ ៨.៥៤៤.៨៨៥​នាក់ ពោលគឺ​កើនឡើង​ប្រមាណ​២​សែន​នាក់ បើ​ធៀប​នឹង​បញ្ជី​ឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៧ ដែលមាន​ចំនួន ៨.៣៨០.២១៧ នាក់​៕