ដើម​គគីរ​មួយ​ដើម​រលំ​សង្កត់​រថយន្ត​ជាច្រើន​គ្រឿង​ដែល​កំពុង​ឈប់​ស្តុ​ប ជិត​ក្រសួង​អប់រំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 November, 2018 ក+ ក-

​ភ្នំពេញ ៖ ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បណ្តាល​ឲ្យ​ដើមឈើ​មួយ​គគីរ​មួយ​ដើម​បាក់​កាត់​ទទឹងផ្លូវ​សង្កត់​រថយន្ត​ចំនួន​៣​គ្រឿង​រង​ការខូចខាត​តែ​សំណាងល្អ​មិនមាន​អ្នកណាម្នាក់​រងរបួស​នោះទេ​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​ជិត​៤​រសៀល ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅតាម​បណ្តោយ​ផ្លូវ​នរោត្តម ស្ថិតនៅក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។​

​ប្រភពព័ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ មាន​ភ្លៀង​ល​សយ​ឡំ​នឹង​ខ្យល់​កន្ត្រាក់​មួយ​បាន​បក់បោក​យ៉ាងខ្លាំង ដោយ​បណ្ដាល​ឲ្យ​ដើម​គគីរ​បាន​បាក់​សង្កត់​ទៅលើ​រថយន្ត​ចំនួន ៣​គ្រឿង ក្នុងនោះ​មាន​រថយន្ត​ទី​១​ម៉ាក លុច​ស៊ី​ស RX300 ពណ៌​ខ្មៅ 2L-2905, រថយន្ត​ទី​២​ម៉ាក តូយ៉ូតា​ស្តា​រិច ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-7312 និង​រថយន្ត​ទី​៣​ម៉ាក លុច​ស៉ី​ស RX330 ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AB-7668 ឲ្យ​រង​ការខូចខាត​យ៉ាងដំណំ ហើយ​មិនមាន​អ្នកណាម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​នេះឡើយ​។​

​បន្ទាប់ពី​កើតហេតុ លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ បាន​បញ្ជា​ឱ្យកម្លាំង​សន្តិសុខ​សាលាខណ្ឌ ចុះទៅ​ដល់ទី​តាំង​កើតហេតុ នឹង​កាប់​ដើមឈើ​ដែល​បាន​ដួលរលំ​សង្កត់​ទៅលើ​រថយន្ត​ចំនួន ៣​គ្រឿង​នោះ​ចេញពី​ផ្លូវ ដើម្បី​កុំ​ឲ្យ​មានការ​កក់​ស្ទះចរាចរណ៍​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​នេះ​។​

ក្រោយពេល​កើតហេតុ មន្ត្រី​ជំនាញ​បាន​យក​រថយន្ត​ទាំង ៣​គ្រឿង​ដែល​រង​ការខូចខាត​នោះ យកទៅ​ធ្វើ​កំណត់ហេតុ​នៅឯ​សាលាខណ្ឌ​ដូនពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕