រដ្ឋមន្ត្រី ៣​ក្រសួង គ្រោង​ជជែក​ស្តីពី​ការធ្វើ​វិ​សោ​ន​កម្ម​ច្បាប់​ព្រៃឈើ​នៅថ្ងៃនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 November, 2018 ក+ ក-

​ភ្នំពេញ ៖ លោក សក់ សេដ្ឋា រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​ដឹកនាំ​កិច្ចពិភាក្សា​មួយ​ជាមួយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដើម្បី​ជជែក​ពិភាក្សា​អំពី​ការធ្វើ​វិ​សោ​នក​ម្ម​ច្បាប់​ស្តីពី​ព្រៃឈើ ដើម្បី​ការពារ​ធនធានធម្មជាតិ​ព្រៃឈើ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ នៅ​ទីស្តីការ​ក្រសួងមហាផ្ទៃ​។​

​ការគ្រោង​ជួបគ្នា​រវាង​រដ្ឋមន្ត្រី​ទាំង ៣​ក្រសួង​នេះ គឺ​បន្ទាប់ពី​សម្ដេច​ក្រឡាហោម ស ខេង បាន​ដឹកនាំ​កិច្ចប្រជុំ​ស្ដាប់​របាយការណ៍​ស្ដីពី​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ព្រៃឈើ ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ និង​ច្បាប់​ស្ដីពី​ជលផល កាលពី​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៨ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​លោក​រដ្ឋលេខាធិការ​បា​ន​បញ្ជាក់ថា «​ច្បាប់​ស្តីពី​ព្រៃឈើ ច្បាប់​ធនធានធម្មជាតិ និង​ច្បាប់​ស្ដីពី​ជលផល បានធ្វើ​យូរហើយ គឺ​ពីរ​បី​ឆ្នាំ​ហើយ ដែល​តួនាទី​សម្តេច​ក្រឡាហោម ស ខេង ត្រូវបាន​ប្រគល់​ដោយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅពេលដែល​សម្តេច​តេ​ជោ​ធ្វើជា​អធិបតី​ក្នុង​ទិវា​មច្ឆជាតិ នៅ​ខេត្តស្វាយរៀង​កាលពី​ឆ្នាំ​២០១១ ដោយ​ប្រគល់ជូន​សម្តេច ស ខេង ក្នុងនាម​ជា​ប្រធាន​គណៈកម្មាការ​ជាតិ​សម្រាប់​អនុវត្ត​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ដឹកនាំ​ការកែ​ច្បាប់​ហ្នឹង​។ តែដោយសារ​វា​មាន​ភាព​សាំ​ញាំ យើង​បាន​សិក្សា​ជា​បន្ត​បន្ទាប់មក​»៕