​នាយករដ្ឋមន្ត្រី ឯកភាព​ឲ្យ​ដោះស្រាយ​បញ្ហា​អ្នក​ជាប់ឃុំ ណែន​ចង្អៀត​នៅក្នុង​ពន្ធនាគារ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2018 ក+ ក-

​ភ្នំពេញ ៖ តាមរយៈ​ចំណារ​មួយ​នាពេល​ថ្មីៗ​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ឯកភាព តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បីឱ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​កិច្ចប្រជុំ​ដោះស្រាយ ចំពោះ​បញ្ហា​តឹង​ណែន​ចង្អៀត នៅ ក្នុង​ពន្ធនាគារ បន្ទាប់ពី​ចំនួន​ទណ្ឌិត នៅ​ទូទាំងប្រទេស មាន​កំណើន​កាន់តែ​ច្រើនឡើង​។​

​តាម​សំណើ​របស់​សម្តេច​ក្រឡាហោម ស ខេង កាលពី​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅ ដែល ជម្រាបជូន​សម្តេច​តេ​ជោ បាន​ង្ហា​ញ​ថា​៖​មកទល់ពេលនេះ ស្ថានភាព​ក្នុង​ពន្ធនាគារ មាន​ភាព​ចង្អៀត ណែន ស្ទើរ​គ្រប់​ពន្ធនាគារ​ទូទាំងប្រទេស ជាក់ស្តែង​គិត​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០១៨ ជន​ជាប់ឃុំ​សរុប ៣១.០០៨​នាក់ ក្នុងនោះ ជន​ដែល​ស្ថិតនៅក្នុង​នីតិវិធីតុលាការ មាន​រហូតដល់​២២.២៩៥​នាក់ ហើយ​លើសពីនេះ ជន​ជាប់ឃុំ​មួយចំនួន ពុំទាន់​មាន​សាលក្រម ឬ​សាលដីកា​ស្ថាពរ​ទេ ទោះបី​តុលាការ​បាន​ជំនុំជម្រះ​ចប់សព្វគ្រប់​ហើយ​ក្តី​៕