ភ្នំពេញ ៖ ពីរសប្តាហ៍ទៀត ប៉ូលិសចិននឹងយកយន្តហោះពិសេសមកយកជនជាតិចិនចំនួន ២៣៥នាក់ ពាក់ ព័ន្ធករណីជម្រិតទារប្រាក់តាមប្រព័ន្ធ VOIP ដូចដែលធ្លាប់បានធ្វើ នាពេលកន្លងមក។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានថ្លែងប្រាប់ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ម្សិលមិញនេះ។
តាមរបាយការណ៍បានឲ្យដឹងថា ករណីបង្ក្រាបចំនួន៤ទីតាំងផ្សេងគ្នា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ មានដូចជា ២ទីតាំងស្ថិតនៅឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនចំនួន ៧៥ នាក់ (ស្រី៧នាក់)និង២ទីតាំងទៀត ស្ថិតនៅឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ចំនួន១៦០នាក់ (ស្រី២៩នាក់) សរុប ទាំង៤ ទីតាំង មានចំនួន ២៣៥នាក់ ក្នុងនោះស្រី៣៦នាក់។
បច្ចុប្បន្នជនជាតិចិនទាំងអស់នោះ ព្រមទាំងវត្ថុតាងពាក់ព័ន្ធ ត្រូវបានប្រគល់ជូនកម្លាំងនាយកដ្ឋាន ប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ៕