ប្រច័ណ្ឌ​ប្រពន្ធ​ជាមួយ​កូនប្រសា ចាក់​សាំង​ដុត​សម្លាប់ខ្លួន​ក្នុងផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 November, 2018 ក+ ក-

​ខេត្តបាត់ដំបង ៖ ស្រុក​រតនៈមណ្ឌល បុរស​វ័យ​ចំណាស់​ម្នាក់​បានកើត​នូវ​រោគ​ប្រចណ្ឌ​ខុស​ទំនង ដោយ​ចោទ​ប្រពន្ធ​ថា លួច​រួមរ័ក​ជាមួយនឹង​កូនប្រសា​របស់ខ្លួន ធ្វើ​ឲ្យ​គាត់​ផ្ទុះ​កំហឹង​យ៉ាង​ក្រេវក្រោធ ស្ទុះ​ទៅយក​ដប​សាំង​មកចាក់​ដុត​ខ្លួន និង​ផ្ទះ បណ្ដាល​ឲ្យ​ឆេះ​ស្លាប់​គ្មាន​នរណា​អាចជួយ​ពន្លត់​បាន​ទាន់ពេល​នោះទេ បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង ១២​ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅក្នុង​ភូមិ​បរិបូណ៌ ឃុំ​ស្ដៅ ស្រុក​រតនមណ្ឌល​ខេត្តបាត់ដំបង​។

​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​បើក​ម៉ូតូ​ដឹក​ប្រពន្ធ​ត្រឡប់​មកពី​ស៊ីឈ្នួល​បេះ​សណ្តែក​ឲ្យ​គេ​។ លុះ​ពេល​ពួកគាត់​មកដល់​ផ្ទះ ក៏​កើតមាន​ទំនាស់​ពាក្យសម្ដី​គ្នា ដោយសារតែ​ជនរងគ្រោះ​បាន​ចោទ​ប្រពន្ធ​ថា ផិតក្បត់​គាត់ ហើយ​លួច​រួមរ័ក​ជាមួយនឹង​កូនប្រសា​ពេញ​មួយ​យប់​។ បន្ទាប់ពី​ឈ្លោះប្រកែក​រួច ជនរងគ្រោះ​បាន​ដើរចូល​ទៅក្នុង​ផ្ទះ រួចហើយ​ចាក់​សាំង​ដុត បណ្តាលឱ្យ​ឆេះ​ស្លាប់​ខ្លួនឯង​នៅក្នុង​ផ្ទះ​តែម្តង​។​

​លោក​វរសេនីយ៍ត្រី ផាន់ ឡុង​ អធិការ​ស្តីទី នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​រតនមណ្ឌល បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ចាន់ ចៀន អាយុ​៦៨​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ជា សា​រឿយ អាយុ​៥៧​ឆ្នាំ​។ ពួកគាត់​ទាំង​២​នាក់ រស់នៅ​ភូមិ​បរិបូណ៌ ឃុំ​ស្តៅ ស្រុក​រតនមណ្ឌល ខេត្តបាត់ដំបង​។ ករណីនេះ គឺ​បណ្តាលមកពី ជនរងគ្រោះ​ប្រចណ្ឌ​ប្រពន្ធ​ខ្លាំងពេក និង​មាន​រោគ​ស​សៃ​ប្រសាទ​ផង​។​

​ក្រោយពេល​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួចហើយ សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ ប្រគល់​សាកសព​របស់​ជនរងគ្រោះ​ជូន​ក្រុមគ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ ដោយ ៖ សុផល​