កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ បានដឹកនាំប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ មន្ទីរ អង្គភាពពាក់ព័ន្ធ ក្នុងខេត្ត ដើម្បីរៀបចំការតាំងពិពណ៌បង្ហាញសមិទ្ធផលនានា និងគម្រោងអភិវឌ្ឍនសំខាន់ៗរបស់ខេត្ត សម្រាប់ត្រៀមក្នុងពិធីសម្ភោធស្តូបវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងការរៀបចំទិវាបុណ្យជាតិ៧មករា ខួបអនុស្សាវរីយ៍ លើកទី៤០ នៃទិវាជ័យជម្នះ ៧មករា ១៩៧៩-៧មករា ២០១៩ ដែលនឹងប្រារព្ធធ្វើឡើង នៅចុងខែធ្នូ ខាងមុខនៅរាជធានីភ្នំពេញ។
លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានណែនាំដល់ក្រុមការងារទាំងអស់ ត្រូវធ្វើយ៉ាងណារៀបចំកិច្ចការឲ្យបានរួចរាល់ទាន់ពេលវេលា ពោល គឺមុនថ្ងៃចាប់ផ្តើមពិធីបុណ្យ១ថ្ងៃ។ ដោយឡែកចំពោះពិធីបុណ្យ ទិវាជ័យជំនះ៧មករា ខួបទី៤០ នេះ គឺធ្វើខុសពីឆ្នាំមុន ដែលត្រូវប្រារព្ធយ៉ាងអធិកអធម៌ នៅទីក្រុងភ្នំពេញ អមដោយព្យុះហយាត្រា ថែមទៀតផង។
លោកបន្តថា សម្រាប់ខេត្តកំពង់ចាម ត្រូវបានបែងចែកជាពីរតំណាក់ការ ដូចជា ៖
*ទី១៖ ការចាត់តាំងដឹកនាំកម្លាំងទៅចូលរួមហែរក្បួន នៅឯទីក្រុងភ្នំពេញ ដែលត្រូវរៀបចំតុបតែងរថយន្តមួយគ្រឿងដាក់តាំងបង្ហាញ នូវរូបភាពដែលជាអត្តសញ្ញាណខេត្តកំពង់ចាម
*ទី២៖ គឺបន្ទាប់ពីហែរក្បួននៅភ្នំពេញរួច ក៏និងបន្តហែរក្បួនបង្ហាញប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមរបស់យើងផងដែរ។
តាមការគ្រោង នាចុងឆ្នាំ២០១៨ នេះ ប្រមុខរាជរដ្ឋាភិបាលត្រៀមរៀបចំពិធីបុណ្យធំៗចំនួនពីរគឺ ទិវាជ័យជំនះ ៧មករា និងពិធីសម្ភោធស្តូបវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ រយៈពេក៣ថ្ងៃ គឺថ្ងៃទី២៩-៣០-៣១ ខែធ្នូ ដែលក្នុងកម្មវិធីនោះ មានការបាញ់កាំជ្រួច មានការធ្វើមិទីញអបអរសាទរ រួមទាំងមានការតាំងពិពណ៌សមិទ្ធផលននាផងដែរ៕ ដោយ ៖ សុផល