សម្តេច ហ៊ុន សែន នឹងធ្វើ​ទស្សនកិច្ច​ផ្លូវការ​នៅ​ឡាវ នា​ដើមខែ​ធ្នូ នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2018 ក+ ក-

​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រោង​នឹងធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​ទៅកាន់​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡា​វនា​ដើមខែ​ធ្នូ ខាងមុខនេះ ដែល​គេ​រំពឹងថា​នឹងមាន​ការពិភាក្សាគ្នា​ទៅលើ​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​២​។

​នេះ​បើតាម​ការបញ្ជាក់​របស់​លោកស្រី ទួត បញ្ញា អនុរដ្ឋលេខាធិការ​ក្រសួងការបរទេស​បាន​ថ្លែង ប្រាប់​ឲ្យ​ដឹង នៅក្រោយ​ជំនួប​ទ្វេភាគី​រវាង​ឯ​.​ឧ ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​ឡាវ​តែងតាំង​ថ្មី ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ​កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា​។​

​បើតាម​មន្ដ្រី​ព្រំដែន បាន​ឲ្យ​ដឹងថា កម្ពុជា និង​ឡាវ មាន​ព្រំដែន​ជាប់​គ្នា​ប្រវែង ៥៤០​គីឡូម៉ែត្រ​ដោយ​ត្រូវ​បោះបង្គោល​ព្រំដែន​ប្រមាណ​១៤៥​បង្គោល​។ ប៉ុន្តែ​មកទល់ពេលនេះ​ភាគី​ទាំង​២ បាន​បោះ​រួច​ចំនួន ១២១​បង្គោល នៅសល់​ប្រមាណ ២៤​បង្គោល​ទៀត ខណៈ​ចំណុច​នៅ​សេសសល់​នោះ ស្ថិតនៅក្នុង​ខេត្តព្រះវិហារ និង​ខេត្តស្ទឹងត្រែង​។​

​គួររំលឹកថា បញ្ហា​ព្រំដែន បានធ្វើ​ឲ្យ​កម្ពុជា​.​ឡាវ ប្រឈមមុខ​ដាក់គ្នា​កាលពី​ខែសីហា ឆ្នាំ​២០១៧ ដោយសារ​កងទ័ព​ឡាវ បាន​ចូលមក​ឈរជើង​នៅ​តំបន់​អូរ​អាឡៃ និង​អូរ​តា​ង៉ាវ ស្ថិតក្នុង​ស្រុក​សៀម ប៉ាង ខេត្តស្ទឹងត្រែង​៕