ជនជាតិ​ចិន​​បែក​ថ្នាំ ​ចាប់​ស្ត្រី​ចំណាស់​ម្នាក់​ជា​ចំណាប់ខ្មាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 1 December, 2018 ក+ ក-

ភ្នំពេញ ៖ មាន​ហេតុការណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​មួយ​បាន​កើតឡើង ខណៈដែល​មាន​បុរស​ជនជាតិ​ចិន​ម្នាក់ បែក​ថ្នាំញៀន បាន​យក​កាំបិត ខ្លួនឯង​បណ្តាល​ឲ្យ​របួសធ្ងន់ ហើយ​បាន​ចាប់​ក្រៀក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ធ្វើ​ចំណាត់​ខ្មាំង បង្ក​ការភិតភ័យ​នឹង​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​យ៉ាងខ្លាំង កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃទី​១ ខែធ្នូរ ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ផ្លូវ​៤៣២ ក្នុង​សង្កាត់​បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​ភ្លាមៗ​នោះ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​អន្តរាគមន៍ ស្រាប់តែ​ជនសង្ស័យ​ដែល​បែក​ថ្នាំ​ខាងលើ បាន​កាប់​ចំ​ដៃ​របស់​សមត្ថកិច្ច បណ្តាល​ឲ្យ​របួស​ហើយ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ ទាំង​ជនសង្ស័យ និង​សមត្ថកិច្ច​ដែល​រងរបួស​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​បែក​ថ្នាំញៀន បាន​ដើរ​អុកឡុក​តាម​ទីសាធារណៈ​នេះ មិនទាន់​ស្គា​ល់ពី​អត្តសញ្ញាណ​នៅឡើយ​ទេ គ្រាន់តែ​ដឹងថា ជា​ជន​ជាតិចិន​។ ចំណែក​ស្ត្រី​ដែល​ត្រូវ​ជនសង្ស័យ​ចាប់​ក្រៀក​ធ្វើ​ចំណាត់​ខ្មាំង​មានឈ្មោះ មាស សានី អាយុ​៧០​ឆ្នាំ មានមុខ​របរ​ដើរ​លក់​អំពៅ​សាង ស្នាក់នៅ​ផ្ទះជួល​បឹងត្របែក សង្កាត់​បឹងត្របែក ខណ្ឌចំការមន (​រងរបួស​ក្បាល និង​ជើង​) និង​សមត្ថកិច្ច​ម្នាក់ទៀត​ដែល​រងរបួស​កដៃ​ខាងស្តាំ គឺជា​លោក​អនុសេនីយ៍ទោ ម៉ៅ សំណាង នៅ​ផ្នែក​កម្លាំង​អន្តរាគមន៍ ។ អ្នក​ទាំង​៣​នាក់ មាន​ទាំង​ជនសង្ស័យ សមត្ថកិច្ច និង​ជនរងគ្រោះ ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរ​ពេទ្យរុស្ស៊ី​។​

ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​មិនបាន​ដឹងថា​បុរស​ខាងលើនេះ​បាន​ដើរ​មកពីណា​នោះទេ ដោយ​ដៃ​មាន​កាន់​កាំបិត ហើយ​កាប់​ខ្លួនឯង​ប្រឡាក់​សុទ្ធតែ​ឈាម បាន​ដើរ​អុកឡុក​ប្រជាពលរដ្ឋ​ពេញ​ផ្លូវ និង​គំរាម​កាប់​ទៀតផង បង្ក​ការភិតភ័យ​យ៉ាងខ្លាំង លុះដល់​ចំណុចកើតហេតុ ស្រាប់តែ​ជនសង្ស័យ បាន​ចាប់​ក្រៀក​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ដែលជា​អ្នកលក់​អំពៅ​តាម​រទេះ​មក​ធ្វើជា​ចំណាត់​ខ្មាំង បណ្តាល​ឲ្យ​រងរបួស​ក្បាល និង​ជើង​។ ភ្លាមៗ​សមត្ថកិច្ច​បាន​ចុះមក​អន្តរាគ​ន៍​រំដោះ​ស្ត្រី​រងគ្រោះ ដោយ​ភ្លាមនោះ លោក​អនុសេនីយ៍ទោ ម៉ៅ សំណាង បាន​ស្ទុះ​ចូលទៅ​វាយ​ដៃ​ជនសង្ស័យ ដើម្បី​ឲ្យ​ជ្រុះ​កាំបិត ហើយ​រំ​ដោះយក​ស្ត្រី​រងគ្រោះ​ចេញ តែ​ក៏ត្រូវ​ជនសង្ស័យ​កាប់​ចំ​ដៃ​បណ្តាល​ឲ្យ​រងរបួស​កដៃ​ខាងស្តាំ ទើប​កងកម្លាំង​សមត្ថកិច្ច​ចូល ផ្សេងទៀត​ស្ទុះ​ចូលទៅ​ក្រៀក​ចាប់បាន​ជនសង្ស័យ​តែម្តង​។​

​ជនជាតិ​នេះ ត្រូវបាន​សមត្ថកិច្ច​នាំ​យក​ចេញពី​កន្លែងកើតហេតុ​បាត់​ភ្លាមៗ តែមិនទាន់​ដឹងថា​នាំយក​ទៅណា​នោះឡើយ​៕