តំណាងរាស្ដ្រ ម៉ា ឈឿន ​៖ ២ធ្នូ ជា សច្ចភាពនៃប្រវត្តិសាស្ត្រដែលមិនអាច បំភ្លៃ បំភ្លេច និងបំផ្លាញបានឡើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2018 ក+ ក-

កំពង់ចាម ៖ នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ ឯ.ឧ. បណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤០ ថ្ងៃបង្កើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ដែលរៀបចំធ្វើឡើង នៅទីស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៨នេះ។

ថ្លែងក្នុងពិធីនោះ តំណាងរាស្ដ្រ ម៉ា ឈឿន បានថ្លែងយ៉ាងដូច្នេះថា «បើគ្មាន២ធ្នូ (រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា) ក៏គ្មាន ៧មករា បើគ្មាន៧មករា ក៏គ្មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ហើយបើគ្មានគោលនយោបាយឈ្នះឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏មិនអាចមានសន្ដិភាព ដូចបច្ចុប្បន្ននេះដែរ»។

ឯ.ឧ. បណ្ឌិត ម៉ា ឈឿន បានគូសបញ្ជាក់ថា ថ្ងៃទី២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិ មួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុ នៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា ព្រោះថាមានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានអ្វីៗដូចថ្ងៃនេះ។

ឯ.ឧ. បណ្ឌិត បានបន្ថែមទៀតថា រណសិរ្ស២ធ្នូ បានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជា ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ នៅទូទាំងប្រទេស ក្រោម ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋា ភិបាលកម្ពុជា។

ឯ.ឧ. បណ្ឌិត ម៉ា ឈឿន បានថ្លែងរំលឹកថា ២ធ្នូ ពិតជាទិវាប្រវត្តិ សាស្រ្តនាំមកនូវជ័យ ជម្នះសម្រាប់ពលរដ្ឋខ្មែរ នោះគឺការឈានទៅរកការសង្រ្គោះអាយុជីវិត ប្រជាជនដែល នៅសេសសល់ពីការកាប់សម្លាប់បានទាន់ពេលវេលា នាំមកជូនប្រជាជនវិញ នូវសិទ្ធិ សេរីភាពគ្រប់យ៉ាង ដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបប ប៉ុល ពត បានធ្វើឲ្យរាល់តម្លៃ ទាំងខាងស្មារតី និងសម្ភារៈរបស់ប្រជាជាតិខ្មែរ ដែលត្រូវបានកសាងពូនជ្រំនៅក្នុងប្រវត្តិ សាស្រ្តរាប់ពាន់ឆ្នាំមកហើយរបស់ខ្លួននោះ បានរស់រានមានជីវិតឡើងវិញ និងបានរួមវិភាគ ទានដ៏សកម្មដល់ការថែរក្សាសន្តិភាព និងសន្តិសុខក្នុងតំបន់។ ទាំងនេះ គឺជាសច្ចធម៌ប្រវត្តិ សាស្ត្រ ដែលគ្មានកម្លាំងណាអាចបំភ្លៃ បំផ្លើស បំភ្លេច និងបំផ្លាញបានឡើយ។

សូមបញ្ជាក់ថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដែលមានឈ្មោះដើមថា «រណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា» បានចាប់បដិសន្ធិឡើង នៅក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដើម្បី ផ្តួល រំលំរបប ប៉ុលពត ដ៏យង់ឃ្នង រហូតទទួលបានជ័យជម្នះដ៏ត្រចះត្រចង់នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ និងបានបញ្ចប់ទាំងស្រុង នៃការវិលត្រឡប់មកវិញ នូវរបបនេះជាលើកទីពីរ៕