ធាតុ​​អតីតស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នឹង​យកមក​ពី​ស្វី​ស ទៅ​តម្កល់​នៅ​ខេត្តសៀមរាប
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2018 ក+ ក-

​ភ្នំពេញ ៖ លោក ដេ​នី​ស ឡូ​រ៉ង់ (Denis Laurent) អនុប្រធាន​មន្ទីរពេទ្យ​គន្ធបុប្ផា បានបញ្ជាក់​ឲ្យ ដឹងថា អដ្ឋិធាតុ​លោក​វេជ្ជបណ្ឌិត Beat Richner អតីត​ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា នឹងត្រូវ​ដឹក​តាម​យន្តហោះ ពី​ប្រទេស​ស្វី​ស មកកាន់​ខេត្តសៀមរាប នៅ​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ ខាងមុខនេះ ដើម្បី​យកមក​តម្កល់​ក្នុង​ចេតិយ​មួយ​នៅខាងមុខ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប​។

​លោក ដេ​នី​ស ឡូ​រ៉ង់ បាន​បន្តថា នៅ​ថ្ងៃទី ៦ ខែធ្នូ ព្រះករុណា​សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​ព្រះមហា ក្ស​ត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ទ្រង់​បាន​សព្វព្រះរាជហឫទ័យ នឹង​យាង​ប្រោស​ព្រះរាជ ទាន ធូប​ទាន និង​កម្រងផ្កា នា​ចេតិយ​តម្កល់​អដ្ឋិធាតុ​លោក​វេជ្ជបណ្ឌិត Beat Richner ដោយ​មានការ​និមន្ត​ព្រះសង្ឃ​ជិត ៧០០​អង្គ ដើម្បី​ប្រារព្ធ​ពិធី​បង្សុកូល​តាម ទំនៀម ទម្លាប់​ព្រះពុទ្ធសាសនា​ផងដែរ​៕