រថភ្លើង​ដឹក​អ្នកដំណើរ​ចូល​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បុក​រះ​រថយន្ត​២​គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2018 ក+ ក-

​ភ្នំពេញ ៖ រថភ្លើង​ដឹក​អ្នកដំណើរ​ចូល​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​បាន​បុក​រះ​បង្ក​ឲ្យ​ខូចខាត​រថយន្ត​តូចធំ និង​ម៉ូតូ​ជាច្រើន​គ្រឿង បណ្តាល​ឲ្យ​មនុស្ស​ចំនួន​២​នាក់ បាន​រង​បួស​ធ្ងន់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃទី​៣ ខែធ្នូ នៅ​ចំណុច​មុខ អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ តាម​មហាវិថី​សហព័ន្ធ​រុស្សី កែង​ផ្លូវ​ចូល​វត្ត​តាំង​កសាង ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​តាម​សមត្ថកិច្ច​ឲ្យ​ដឹងថា រថយន្ត​ដែល​បាន​រង​ការខូចខាត​នោះ​រួមមាន ៖ រថយន្ត​ម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ បាត់ដំបង​៣A-០៣៨០ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់ និង​១​គ្រឿង​ទៀត ម៉ាក​កាមរី​បា​ឡែ​ន ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ ២H-៦៣៤៤ បើកបរ​ដោយ​បុរស​ម្នាក់​ពុំបាន​ស្គាល់ឈ្មោះ​ឡើយ​។ ចំណែក​ម៉ូតូ​ម៉ាក​ហុងដា សេ​១២៥​ពណ៌​ខ្មៅ ជិះ​ដោយ​បុរស​ម្នាក់ និង​ស្ត្រី​ម្នាក់ បាន​រងរបួស​ធ្ងន់​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។​

​បើតាម​សមត្ថកិច្ច​បន្តថា នៅ​មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត និង​ម៉ូតូ​ខាងលើ បាន​ឈប់​ជា​បន្តបន្ទាប់ នៅ​ចំណុច​ស្តុ​ប​ខាងលើ ខណៈនោះ​មាន​រថភ្លើង​បានធ្វើ​ដំណើរ​ដឹក​ភ្ញៀវ​អន្តរជាតិ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ក៏បាន​បុក​ពីក្រោយ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ដែល​ឈប់​រំលោភ​លើផ្លូវ​រថភ្លើង​។​

​ប្រភព​បន្តទៀតថា នៅពេល​គ្រោះថ្នាក់​រថភ្លើង បាន​បុក​រុញ​រថយន្ត​១​គ្រឿង ទៅបុក​រថយន្ត​កាមរី​ចំហៀង ហើយ​រុញ​ទៅ​ផ្ទប់​បង្គោល​ភ្លើង និង​ចូល​ផ្ទះ​បណ្តាល​ឲ្យ​បាក់​បង្គោល​បា​ណូ​។ ខណៈនោះ​មាន​ម៉ូតូ​១​គ្រឿង ក៏​ត្រូវបាន​រថភ្លើង បុក​រុញ​រថយន្ត​ទៅបុក​បណ្តាល​ឲ្យ​អ្នកបើកបរ និង​អ្នករួមដំណើរ​បាន​រង​របួស ទាំង​២​នាក់​ផងដែរ​។ បន្ទាប់ពី​កើតមាន​គ្រោះថ្នាក់​រថភ្លើង ក៏បាន​បើក​ចូល​រ៉ា​ក្នុង​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ថា ក្រោយ​កើតហេតុ​ជនរងគ្រោះ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​រថយន្ត​ទាំង​២​គ្រឿង និង​ម៉ូតូ​១​គ្រឿង ត្រូវបាន​នគរបាល​ចុះទៅ​វាស់វែង បញ្ជូន​ទៅកាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​៕