ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់ដំបង ៖ រឿង​តិចតួច គួរ​អនុគ្រោះ​ខ្លះទៅ លោក​នឹង​កែតម្រូវ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2018 ក+ ក-

បាត់ដំបង ៖ ដែន​អភិរក្ស​មច្ឆជាតិ​ឡូត៍​លេខ​២ និង​ដែន​ជម្រក​សត្វ​ស្លាប​ចម្រុះ កំពុង​រង​ការទន្ទ្រាន​ពី​ឈ្មួញ​អ្នកមាន​ដាក់ពង្រាយ​ឧបករណ៍​បរ​ណ​រ៉ាវ​នេសាទ​ត្រី​ខុសច្បាប់​យ៉ាង​គគ្លើន ចំណែកឯ​ជំនាញ​សម្ងំ​នៅ​ស្ងៀម​។​

ប្រជា​នេសាទ​រស់ក្នុង​ភូមិ​ថ្វាង ឃុំ​កោះ​ជី​វាំង បាន​បង្ហើប​អោយដឹង​កាលពី​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០១៨ នេះ​ថា បច្ចុប្បន្ន​របរ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​របស់​ពួកគាត់ កំពុង​ប្រឈម​នឹង​ការខាតបង់​ខ្លាំង​ទៅៗ​ដោយសារ​ផល​ត្រី​រកបាន​តិច តែ​ត្រូវ​បង់​សេវា​សោហ៊ុយ​ប្រេងសាំង និង​ថ្លៃ​បាយទឹក​ជូន​ដល់​មន្ត្រី​ជំនាញ​រួមទាំង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ច្រើន​ផ្នែក បើ​ពុំ​នោះទេ ត្រូវគេ​កាប់​បរ​ណ​រ៉ាវ ចោល ទោះជា​ទ្រង់ទ្រាយ​តូច​ជា​លក្ខណៈ​គ្រួសារ​ក៏ដោយ ដែល​ការជូន​សោហ៊ុយ​នេះ ពេលខ្លះ​រង​ការបោះ​សម្តី​គំរោះគំរើយ​និង ត្រូវ​បត់ជើង​ហើយ​ជូន​លុយ​ដៃ​២ ថែមទៀត ។​

មិន​ថា​ពី​កន្លងមក​ឬ​បច្ចុប្បន្ន​នោះទេ ប្រជា​នេសាទ​តូចតាច មិនដែល​ថ្លើម​ដាក់ពង្រាយ​ឧបករណ៍ បរ​ណ​រ៉ាវ ល្មើសច្បាប់​មាន​ប្រវែង​រាប់រយ​ម៉ែត្រ​ឡើយ ផ្ទុយទៅវិញ​បច្ចុប្បន្ន​មានតែ​ក្រុម​ឈ្មួញ​ធំៗ​ប៉ុណ្ណោះ ដែល​ផ្គើន​នឹង​ច្បាប់​ត្រូវរ៉ូវ​គ្នា​ជា​ជំនាញ និង​សមត្ថកិច្ច​ហើយ​ដាក់ពង្រាយ បរ​ណ​រ៉ាវ វែង​រាប់គីឡូម៉ែត្រ ដែល​សូម្បីតែ​តំបន់​អភិរក្ស​មច្ឆា​ជាតិ (​ឡូ​លេខ​២ )​និង​ដែន​អភិរក្ស​ជម្រក​សត្វ​ស្លាប​ក៌​ហ៊ាន​បំពាន ។ បើទោះបី​មាន​ករណី​បង្ក្រាប​ម្តងម្កាល​ក៏​ភាគច្រើន​ក្រុម​មេ​ឈ្មួញ​ធំៗ​តែង​គេចផុត​រួចខ្លួន​ទាំងអស់​ដែរ ដោយ​បង្ក្រាប​តែ​ប្រជា​នេសាទ​ជាល​ក្ខ​ណះ​គ្រួសារ​ប៉ុណ្ណោះ សព្វថ្ងៃ​សេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជា​នេសាទ​ពី​១​ឆ្នាំទៅ​១​ឆ្នាំ​កាន់តែ​យ៉ាប់​ទៅៗ​ស្ទើ​ចិញ្ចឹមជីវិត​មិន​រស់ ។​

ជុំវិញ​បញ្ហា​ខាងលើ​ក្នុង​បទសម្ភាសន៍​រវាង​អ្នកយកព័ត៌មាន តាម​ទូរ​សព្ទ័​លោក ជួង សុភា នាយខ​ណ្ឌ័​រដ្ឋបាល​ជលផល​បាត់ដំបង​បាន​បំភ្លឺថា លោក​នឹង​ចាត់​អោយ​មន្ត្រី​របស់លោក​ចុះទៅពិនិត្យ​ហើយ​សហការ​ជាមួយ​កម្លាំង​គ​ណះ​បញ្ជា​ខេត្ត​ដើម្បី​ចុះបង្ក្រាប​នៅពេល​ខាងមុខនេះ​។​

ទាក់ទង​នឹង​ការដាក់​បរ​ណ​រ៉ាវ​នៅក្នុង​ដែន​អភិរក្ស​សត្វ​ស្លាប​បង្ក​ការភ្ញាក់ផ្អើល​ដល់​ហ្វូង​សត្វ​ស្លាប​គ្រប់​ប្រភេទ លោក កត បូរ៉ាន ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត ដំបូង​ឡើយ បាន​អះអាងថា តំបន់​អភិរក្ស​ជម្រក​សត្វ​ស្លាប​ជា​តំបន់ហាមឃាត់​មិនមាន​អ្នក​ចូល​ផ្តេសផ្តាស​ទេ បើ​ត្រូវ​ការចូល​ទាល់តែ​ទិញ​សំបុត្រ ដូចនេះ​មិនមាន​បទល្មើស​ឡើយ តែ​ក្រោយមក​អ្នកយកព័ត៌មាន​ បាន​សួរ ចំៗ​ចំនុច​ពេក លោក​ប្រធាន​មន្ទីរ​បរិស្ថាន​បាន​ធ្លោយ​ពាក្យ​ថា វា​តែងតែមាន​តិចតួច​ខ្លះ​ហើយ គួរ​អនុគ្រោះ​បាន អនុគ្រោះ​ខ្លះទៅ​លោក​នឹង​កែតម្រូវ​៕