ដក​កាំភ្លើង​សំ​ញ៉ែង​នៅ​កន្លែង​ផឹកស៊ី ឃើញ​សមត្ថកិច្ច​បែរជា​ស្ទុះ​បើក​ម៉ូតូ​រត់ បាញ់​ផ្អើល​(Video)
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​ម្នាក់​មាន​អាវុធខ្លី​នៅជាប់​តាម​ខ្លួន ចូល​កន្លែង​ផឹកស៊ី​ដក​បញ្ចេញ​មក​សំ​ញ៉ែង​បង្អួត គ្រាន់តែ​ក្រឡេកឃើញ​សមត្ថកិច្ច បែរជា​ស្ទុះ​ងើប​បើក​ម៉ូតូ​រត់​ទៅវិញ ធ្វើ​ឲ្យ​សមត្ថកិច្ច​កាន់តែ​សង្ស័យ ក៏​បញ្ជា​កម្លាំង​ដេញតាម​បំណង​ឃាត់​សាកសួរ តែ​ត្រូវបាន​ជន​ខាងលើ​បាញ់​មកលើ​កម្លាំង​សមត្ថកិច្ច​ទៅវិញ ធ្វើ​ឲ្យ​សមត្ថកិច្ច​ប្រកាស​បន្ថែម​កម្លាំង​ដេញតាម តាំងពី​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រហូតដល់ ភូមិ​ដី​ថ្មី សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ សមត្ថកិច្ច​សម្រេច​តប​ត​វិញ បណ្តាល​ឲ្យ​ត្រូវចំ​ជើង​ម្នាក់​ទើប​ដួល​ចាប់ខ្លួនបាន ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ បង្ក​ឲ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៣​រសៀល ថ្ងៃទី​០៤ ខែធ្នូ ឆ្នាំ​២០១៨ ។

​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណី​ខាងលើនេះ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនសង្ស័យ​មាន​គ្នា​២​នាក់​កំពុង​ផឹកស៊ី​នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ហើយ​ពួកគេ​បាន​ដក​កាំភ្លើង​ម៉ាក ឡុ​ក សំ​ញ៉ែង បង្អួត​ដល់​អ្នកដទៃ ស្របពេលនោះ​ក៏មាន​កម្លាំង​សមត្ថកិច្ច​ឃើញ បែ​ជា​នាំគ្នា​ជិះ​ម៉ូតូ​ម្នាក់​មួយគ្រឿង​ចេញពី​កន្លែង​ផឹកស៊ី រត់គេច កាន់តែ​សង្ស័យ កម្លាំង​សមត្ថកិច្ច​ខណ្ឌដង្កោ​ដេញតាម និង​មាន​កិច្ច សហការ​ជាមួយ​កម្លាំង​សមត្ថកិច្ច​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣​ផង ដេញតាម​ពីក្រោយ ខ​ណះ​មកដល់​ផ្លូវ​ទាល់​ម្ដុំ​ផ្សារ​ដី​ថ្មី ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ ជនសង្ស័យ​ក៏​ដក​កាំភ្លើង​បាញ់​មកលើ​សមត្ថកិច្ច​ចំនួន​៤​គ្រាប់ ហើយ​ត្រូវ​សមត្ថកិច្ច​បាញ់​តបត​វិញ​មួយ​គ្រាប់ ចំ​ជើង​ម្ខាង បណ្ដាល​ឲ្យ​ដេក​ដួល​លើ​ម៉ូតូ ហើយ​សមត្ថកិច្ច​បាន​ចាប់​វ៉ៃខ្នោះ និង​ដកហូត​កាំភ្លើងខ្លី​ម៉ា​កឡុក​មួយ​ដើម ចំណែក​បក្ខពួក​ម្នាក់ទៀត​រត់គេចខ្លួន​បាត់ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​នគរបាល​ខណ្ឌដង្កោ បាន​ដឹក​ប​ញ្ចូ​ន​ជនសង្ស័យ​ដែល​របួស​ជើង​ទៅកាន់​មន្ទីរពេទ្យ រង់ចាំ​ធ្វើ​សាកសួរ​បន្ត​នៅពេល​ក្រោយ ៕