សម្តេច​តេ​ជោ ហ៊ុន សែន បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ឡាវ រយៈពេល​២​ថ្ងៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នឹង​ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់​នៃ​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រ​ទស​ឡាវ រយៈពេល​២​ថ្ងៃ ចាប់ពី​ថ្ងៃទី​០៥-០៦ ខែធ្នូ ឆ្នាំ​២០១៨​។ ការអញ្ជើញ​បំពេញ​ទស្សនកិច្ច​នេះ ធ្វើឡើង តប​តាម​ការអញ្ជើញ​របស់ ឯ​.​ឧ​. ថង​លូន ស៊ី​សូលី​ត នាយករដ្ឋមន្ត្រី​ឡាវ​។​

​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងការបរទេស បាន​ឲ្យ​ដឹងថា ក្នុងអំឡុងពេល​ទស្សន កិច្ច​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ជួប​សម្តែង​ការ គួរសម​ដាច់ដោយឡែក​ពី គ្នា​ជា មួយ​លោក ប៊ុន​ញ៉ាំង វរ​ជី​ត (Bounnhang Vorachith) ប្រធាន​រដ្ឋ ឡាវ និង​លោកស្រី ប៉ានី យ៉ា​ថ​ទូ (Pany Yathotou) ប្រធានរដ្ឋសភាជាតិ​ឡាវ​។​

​ឱកាស​នោះដែរ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ក៏​នឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ ឯ​.​ឧ​. ថង​លូន ស៊ី​សូលី​ត ពិភាក្សា​រិះ រក​លទ្ធភាព​ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ ទ្វេ ភាគី ដែលមាន​ស្រាប់ ដើម្បី​នាំមក​នូវ​ផលប្រយោជន៍​ពិតប្រាកដ សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង ពីរ​៕