​ប៉ូលិសអះអាងថា ក្រុម​បុរស​ចាក់​សាក់​ពេញ​ខ្លួន និង​កាន់​ដាវមិនមែន​នៅ​កម្ពុជា​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ លោក ជួន ណា​រិន្ទ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ហោះ​សារ​នៅតាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក និង​ផេ​ក​ផ្ទាល់​របស់លោក​ថា ការចុះផ្សាយ​របស់​សារព័ត៌មាន និង​បណ្តាញ​សង្គម​មួយចំនួន ដែល​បាន​បង្ហោះ​រូបភាព​ទាក់ទង​មាន​ជន​មួយក្រុម មាន​ចាក់​សាក់​ពេញ​ខ្លួន និង​កាន់​ដាវ ថា​ក្រុម​នោះ ឬ​រូបថត​នោះ​នៅក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់​មកនេះ​។ ពេលនេះ​ត្រូវបាន លោក ជួន ណា​រិន្ទ នៅ​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ បានចេញ​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​បញ្ជាក់ថា រូបថត​ទាំងនោះ មិនមែន​នៅក្នុង​ប្រទេស​កម្ពុជា​ទេ​។​

​លោក ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សូម​គោរព​រាយការណ៍​ជូន​សាធារណៈជន មេត្តា​ជ្រាបថា កាលពី​ថ្មីៗ​កន្លងមកនេះ មាន​សារពត៌មាន​មួយចំនួន​តូច បាន​បង្ហោះ​ថា​រូបភាព របស់​ក្រុមមនុស្ស​ប្រុស​១​ក្រុម ដែលមាន​សាក់​រូប​ពេញ​ខ្លួន​នោះ គឺជា​ក្រុម​ជន​ជាតិចិន​នៅក្នុង​ប្រទេស​កម្ពុជា​។​

​លោក​បន្តថា តាមពិត​ក្រុម​ទាំងនោះ ជា​ជនជាតិ​វៀតណាម ហើយ​ម្ចាស់​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ GIA DINH VUI TINH ជារឿយៗ​បាន​បង្ហោះ​រូប​ក្រុម​នេះ ធ្វើ​សកម្មភាព​បង្អួត​សាក់​ដាក់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក របស់​ពួកគាត់ ប៉ុន្តែ​ជា​អកុសល​ត្រូវ​សារព័ត៌មាន​មួយ​ក្តាប់​តូច បាន​ព្យាយាម​បំពុលសង្គម​ខ្មែរ​ឱ្យ​អាប់​អ៊ួ​មិន​ស្រាកស្រាន្ត​។​

​លោក ជួន ណា​រិន្ទ បានឱ្យដឹង​ដូច្នេះ រួច​បញ្ជាក់ថា រឿង​ខាងលើនេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ សូម​គោរព​រាយការណ៍​ជូន​ដល់​សារ​ធាណៈ ឱ្យ​ពិនិត្យ​យកចិត្ត​ដាក់ឱ្យ​បានច្បាស់លាស់​ជាមុនៗ វាយតម្លៃ និង​សូមឱ្យ​បងប្អូន​ជនរួមជាតិ​មេត្តា​មាន​ស្មារតី​ខ្ពស់ ក្នុងការ​លើកតម្កើង​ថែរក្សា​កិត្តិយស មុខមាត់ និង សេចក្តីថ្លៃថ្នូរ របស់​ប្រទេសជាតិ​យើង​ទាំងមូល​ឱ្យបាន​ទាំងអស់គ្នា​៕