ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែធ្នូឆ្នាំ២០១៨ នេះ សមត្ថកិច្ចពិសេសរបស់ប្រទេសចិន នឹងមកទទួលជនល្មើស ២៣២នាក់ ដែលត្រូវកម្ពុជាបណ្ដេញចេញតាមជើងយន្តហោះនៅរាជធានីភ្នំពេញ។ ជនជាតិចិនទាំង២៣២នាក់ខាងលើ ត្រូវបានសម្ថកិច្ចកម្ពុជាបង្ក្រាបបាន កាលពីថ្ងៃទី២៦ ខែវិច្ជិកា ឆ្នាំ២០១៨ នៅទីតាំងប្រព្រឹត្តបទល្មើសផ្សេងៗពីគ្នានៅក្នុងទឹកដីខេត្តតាកែវ។
បទល្មើសដែលជនជាតិទាំងនេះប្រព្រឹត្ត មានជាប់ពាក់ព័ន្ធករណីឆបោក គំរាមគំហែង និងជំរិតទារប្រាក់ តាមប្រព័ន្ធទូរគមនាគមន៍(VOIP)។ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន សហការជាមួយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខត្តតាកែវ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបើកប្រតិបត្តិការចុះទៅបង្ក្រាប និងចាប់ខ្លួនជនជាតិចិន មួយក្រុមធំមានជាង២៣០នាក់ (ស្រីជិត៤០នាក់) ដែលជាប់ពាក់ព័ន្ធករណី Voip។
ក្រុមជនជាតិចិនទាំងនេះ បានលួចលាក់ប្រព្រឹត្តបទល្មើសមួយនេះ ដែលនិយាយស្រួលស្តាប់ទៅ គឺចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet ស្ថិតនៅស្រុកត្រាំកក់ និងស្រុកបាទី ខេត្តតាកែវ ដោយនៅ៤ទីតាំងផ្សេងគ្នាក្នុងនោះ៖ ទីតាំងទី១៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិនជាង៦០នាក់។ ទីតាំងទី២៖ ស្ថិតនៅភូមិបុស្សតាផង់ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់ ឃាត់ខ្លួនជនជាតិចិន ជាង១០នាក់(ប្រុស)។
ទីតាំងទី៣៖ ស្ថិតនៅភូមិតាំងដូង ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិន ប្រមាណ៧០នាក់។ ទីតាំងទី៤៖ ស្ថិតនៅភូមិព្រៃក្រាយ ឃុំតាំងដូង ស្រុកបាទី ឃាត់ខ្លួនជនជាតិចិនប្រមាណ៩០នាក់ សរុបទាំង០៤ទីតាំង ជាង២៣០នាក់ ស្រីជិត៤០នាក់។ ក្រោយការចាប់ខ្លួន និងបង្ក្រាបរួចមក កម្លាំងនគរបាលបានប្រគល់ជូនពួកគេ ទៅកាន់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្តទៀត និងបញ្ជូនទៅវិញនៅថ្ងៃនេះ៕