ភ្នំពេញ ៖ ស្ត្រី១៥នាក់ដែលពាក់ព័ន្ធនឹងរឿងស៊ីឈ្នួលពពោះជំនួសត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្តោះ អាសន្នដោយភ្ជាប់នឹងការសន្យាចិញ្ចឹមកូន ក្រោយពីគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បានស្នើទៅតុលាការឲ្យពិចារណាដោះលែង។
យោងតាមបុរសអ្នកយាមនៅមន្ទីរពេទ្យ ១៦ ឧសភា ម្នាក់សុំមិនបញ្ចេញឈ្មោះ បានប្រាប់ថាគិតមកត្រឹមថ្ងៃ ៤ ធ្នូមានស្ត្រីមានផ្ទៃពោះប្រមាណ១៧នាក់កំពុងនៅមន្ទីរពេទ្យក្នុងនោះមាន ១៥ នាក់បានសម្រាលកូនរួចហើយត្រូវបានបញ្ចូនចេញពីមន្ទីរពេទ្យដែល ៤ នាក់ត្រូវបានបញ្ចូនចេញកាលពីសបា្តហ៍មុន រីឯ ១១នាក់ ត្រូវបានដោះលែងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
លោកស្រី ធីតា ឃឹះ ជានាយិកាប្រតិបត្តិអង្គការសីលកាបានស្វាគមន៍ចំពោះការដោះលែងស្ត្រីក៏ដូច ជា កុមារឱ្យបាននៅក្រៅឃុំនេះ។ ប៉ុន្តែលោកស្រីបានសើ្នឱ្យមានការស្រាវជ្រាវច្បាស់លាស់ពាក់ព័ន្ធករណីនេះ និងបានគាំទ្រឱ្យបង្កើតច្បាប់ឱ្យបានតឹងរ៉ឹងដើម្បីចៀសវាងកើតករណីនេះនៅថ្ងៃអនាគតទៀត៕