ក្នុង​ខែវិច្ឆិកា សមត្ថកិច្ច​ឃាត់​បាន​រថយន្ត​ដឹក​លើស​ទម្ងន់ ចំនួន ២៧៩​គ្រឿង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2018 ក+ ក-

​ក្នុង​មួយខែ​វិច្ឆិកា ឆ្នាំ​២០១៨ កម្លាំង​ជំនាញ​នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹក ជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ បាន​ចំនួន ២៧៩​គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន ៥៥៨.៩៥០.០០០ រៀល (៥៥៨​លាន ៩៥​ម៉ឺន​រៀល​) ។

បើតាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នៅ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ បញ្ជាក់ថា បើ​ធៀប​នឹង​ខែតុលា បាន​កើនឡើង​ចំនួន ១១៣​គ្រឿង ពោលគឺ​ពី​១៦៦​គ្រឿង ក្នុង​ខែតុលា មក​២៧៩​គ្រឿង ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ ។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ ផ្ទុក​លើស​ទម្ងន់​ចាប់ពី ៥​តោន រហូតដល់​៤០​តោន ៕