អន្តរក្រសួង​បង្ហាញ​ពី​បែបបទ​ផ្ទេរកម្មសិទ្ធិ​យានយន្ត ដែល​ងាយស្រួល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​កាលពី​ថ្ងៃទី​៥​ធ្នូ នៅ​ទីស្ដីការក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​បើក​កិច្ចប្រជុំ​ជាមួយ ក្រសួង​ពាក់ព័ន្ធ ដើម្បី​រៀបចំ​ប្រកាស​ថ្មី​មួយ ស្តីពី​បែបបទ និង​នីតិវិធី​ផ្ទេរកម្មសិទ្ធិ​យានយន្ត​ឲ្យ​កាន់​តែមាន​ភាពសាមញ្ញ និង​ងាយស្រួល​។​

​អន្តរក្រសួង​បាន​ឯកភាព​ថា ដើម្បី​ផ្ទេរកម្មសិទ្ធិ​យានយន្ត​បាន គឺជា​ម្ចាស់​យានយន្ត ត្រូវ​ទៅ​បំពេញ​សំណុំបែបបទ​បង់ពន្ធ​ប្រថាប់ត្រា​ផ្ទេរកម្មសិទ្ធិ នៅ​ទីតាំង​ផ្តល់​សេវា​ដែល​កំណត់ដោយ​អគ្គ នាយក ដ្ឋា​ន​ពន្ធដារ​ជាមុនសិន​។ បន្ទាប់មក ត្រូវយក​ឯកសារ​នោះ និង​ឯកសារ​ពាក់ព័ន្ធ​មកកាន់ ទីតាំង​ផ្តល់​សេវា​ដែល​កំណត់ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ស្នើ​ផ្ទេរកម្មសិទ្ធិ​តែម្តង​ជាការ ស្រេច​។​

​សំ​ជម្រាប​ថា អន្តរក្រសួង នឹង​បង្កើត​ក្រុមការងារ ត​ភ្ជាប់​ប្រព័ន្ធ​ចែករំលែក​ទិន្នន័យ​ជាមួយគ្នា​ទៅវិញ ទៅមក ដើម្បី​ចូលរួម​កាត់បន្ថយ​ពេលវេលា​ទទួល​សេវា និង​នីតិវិធី​ស្មុគស្មាញ​ក្នុងការ​ផ្ទេរកម្មសិទ្ធិ​យានយន្ត និង​ដើម្បី​លុបបំបាត់​ការ​ក្លែងបន្លំ​ឯកសារ​សាធារណៈ​ផងដែរ​៕