បុគ្គលិក​ជាង ៣០០​នាក់ ក្នុង​ក្រុមហ៊ុន​មួយ ទៅដល់​ភូមិគ្រឹះ​សម្តេច​តេ​ជោ សុំ​អន្តរាគមន៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2018 ក+ ក-

​ភ្នំពេញ ៖ បុគ្គលិក​ក្រុមហ៊ុន Bhip Globol Cambodia បាន​លើកគ្នា​ប្រមាណ​ជាង​៣០០​នាក់ បានធ្វើ​ដំណើរ​មកដល់​មុខ​ភូមិគ្រឹះ​សម្តេច ហ៊ុន សែន ដើម្បី​ធ្វើការ​ទាមទារ​លក្ខខណ្ឌ​ការងារ​៣​ចំណុច​ធំៗ ហើយក៏​ត្រូវបាន​រារាំង​ពី​កម្លាំង​អន្តរាគមន៍​ចំរុះ​ខណ្ឌដូនពេញ​។ ហេតុការណ៍​នេះ​ធ្វើឡើង​នៅវេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ទី​៧ ខែធ្នូ ឆ្នាំ​២០១៨ នៅមុខ​ភូមិគ្រឹះ​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​ស្ថិតក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ។​

​យោងតាម​ការរៀបរាប់​ពី​ក្រុម​បុគ្គលិក​ក្រុមហ៊ុន Bhip Globol Cambodia បាន​លើកឡើងថា ក្រុមហ៊ុន​នេះ​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ២៧១ ទល់មុខ​ពេទ្យ​រ៉ុ​ស្ស៊ី ហើយ​ការ​មូលហេតុ​នៃ​ការប្រមូល​ផ្តុំគ្នា​មក​ភូមិគ្រឹះ​សម្តេច​នេះ ដោយសារតែ​ក្រសួង​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ​មិនមាន​ដំណោះស្រាយ​ការងារ​តាម​សំណើរ​ជូន​ពួកគាត់ មាន​៣​ចំណុច​ធំៗ​ដូចជា​ចំណុច​ទី​១៖ ត្រូវការ​ឲ្យ​មាន​ថ្នាក់ដឹកនាំ​ពួកគាត់​ដូចដើម​វិញ​គឺ​ឈ្មោះ ច​ន ប្រុស ទី​២៖​ទាមទារ​សិទ្ធិ​ស៊េរី​ភាព ជាមួយ​ក្រុមហ៊ុន ទី​៣៖ ទាមទារ​អោយ​ដក Maneger ចេញ​។​

​ទោះយ៉ាងណា​ការទាមទារ​របស់​ក្រុម​បុគ្គលិក​ប្រមាណ​ជាង​៣០០​នាក់​នៅមុខ​ភូមិគ្រឹះ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ត្រូវបាន​រារាំង​ពី​កងកម្លាំង​អន្តគម​ន៍​ចំរុះ​ខណ្ឌដូនពេញ និង​មាន​វត្តមាន​លោក សុខ ពេញ​វុ​ធ អភិបាលខណ្ឌ​ដូនពេញ ដោយបាន​អនុញ្ញាតអោយ​មាន​តំណាង​ក្រុមហ៊ុន​ចូលរួម​ដោះស្រាយ​បញ្ហា​នៅលើ​តុ ដោយ​មិន​បណ្តោយ​ឈរ​ទាមទារ​យ៉ាង​អនាធិបតេយ្យ​នៅតាម​ដងផ្លូវ តែ​ចំពោះ​លទ្ធផល​យ៉ាងណា​នោះ មិនទាន់​ដឹង​នៅឡើយ​ទេ​៕​