កម្ពុជា ឡាវ ព្រមព្រៀង​ស្នើសុំ​អ្នកជំនាញ និង​ឯកសារ​ពាក់ព័ន្ធ​ព្រំដែន​ពី​បារាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 December, 2018 ក+ ក-

​ភ្នំពេញ ៖ សម្ដេច ហ៊ុន សែន និង​ក្រុម​មេដឹកនាំ​ប្រទេស​ឡាវ បាន​ឯកភាពគ្នា បន្ត​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​បញ្ហា​ព្រំដែន​ដែល​នៅ​សេសសល់ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង ផ្ញើ​ឯកសារ​ព្រំដែន និង​ផែនទី​រវាង​ប្រទេស​ទាំងពីរ​រួមទាំង​អ្នកជំនាញ ដើម្បី​សម្រួល​ដល់​ការដោះស្រាយ​បញ្ចប់​ការខ្វែងគំនិត​គ្នា​លើ​ការកំណត់​ខណ្ឌសីមា​នៃ​ប្រទេស​ទាំងពីរ​។​

​សម្ដេច ហ៊ុន សែន បាន​លើកឡើងថា នៅមាន​សេសសល់​ប្រមាណ ១៤% ទៀត​នៃ​បញ្ហា​ព្រំដែន ដែល​ត្រូវ​ដោះស្រាយ​បញ្ចប់ ជាពិសេស​នៅក្នុង​តំបន់​អូរ​តា​ង៉ាវ ដែល​ប្រទេស​ទាំងពីរ​នៅ​មិនទាន់​ដោះស្រាយ​នៅឡើយ​។ សម្ដេចនាយក​រដ្ឋមន្ត្រី ក៏បាន​ឲ្យ​ដឹង​ពី​បំណង​ក្នុង​ការចង់​ប្រែក្លាយ​តំបន់​ព្រំដែន​ទាំងអស់​នៅជាប់​ប្រទេស​កម្ពុជា ក្លាយទៅជា​ព្រំដែន​សន្តិភាព មិត្តភាព និង​សហប្រតិបត្តិការ សម្រាប់​មនុស្ស​ជំនាន់​ក្រោយៗ​។​

​សម្ដេច ហ៊ុន សែន បានបញ្ជាក់​ឲ្យ​ដឹងថា ប្រទេស​ទាំងពីរ​បានចាត់ទុក​តំបន់​អូរ​តា​ង៉ាវ ជា​តំបន់​ដែល​មិនទាន់បាន​ដោះស្រាយ ដោយ​ផ្តោតទៅលើ​លក្ខខណ្ឌ​ចំនួន​ប​៣ ៖ ទី​១ គឺ​គ្មាន​វត្តមាន​កងទ័ព​នៃ​ប្រទេស​ទាំងពីរ​នៅ​តំបន់​នោះ​។ ទី​២ គឺ​គ្មាន​ប្រជាជន​ធ្វើ​អាជីវកម្ម​នៅ​ទីនោះ និង​ទី​៣ នៅពេល​ចុះ​ត្រួតពិនិត្យ គឺ​ភាគី​ទាំងពីរ​ត្រូវតែ​ធ្វើ​រួមគ្នា រួមទាំង​លើគោក ផ្លូវទឹក និង​ផ្លូវអាកាស​៕