ប៉ូលិស​បដិសេធថា សិស្ស​សន្លប់​នៅ​វិទ្យាល័យ​ថ្មគោល មិនមែន​ដោយសារ​ក្រុមគ្រូពេទ្យ​ចិន​ទេ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រី​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ច្រានចោល​ការផ្សាយ​របស់​ហ្វេ​ស​ប៊ុ​កមួយ ឈ្មោះ ណា​ធី​យ៉ា ឯកា (Natiya Aek Ka) ដែល​បាន​បង្ហោះ​ថា សិស្ស​វិទ្យាល័យ​ថ្មគោល ខេត្តបាត់ដំបង ជិត​១០០ នាក់ បាន​ដួលសន្លប់​ដោយសារ​ជនជាតិ​ចិន បាន​ជួស​ឈាម​សិស្ស និង​ចាក់​ថ្នាំ គឺជា​រឿង មិន​ពិត ទេ​។

​លោក ហេង ស៊ុន​ផា​រិ​ទ្ធ នាយក​វិទ្យាល័យ​ថ្ម​គោក ឱ្យដឹងថា កាលពី​ថ្ងៃទី​២ និង ៣​ធ្នូ មាន​ក្រុម​គ្រូ ពេទ្យ​ខ្មែរ​សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ចិន ប្រមាណ​ពី​១០ ទៅ​២០​នាក់ ជិះឡាន​ទូ​រី​ស​ចំនួន​២ បានធ្វើ​ដំណើរ​ទៅ​ស្រាវជ្រាវ​ពី​ជំងឺ​បេះដូង ដោយ​គ្រាន់តែ​ប្រើប្រាស់​ប្រដាប់​ឧបករណ៍​វាស់​ស្ទង់​បេះដូង​តែប៉ុណ្ណោះ និង​មិនបាន​ជួស​ឈាម​នោះទេ​។

​ហេតុការណ៍​ដួលសន្លប់​នេះ បាន​កើតឡើង​ចំពោះ​សិស្ស ៧១​នាក់ ក្នុងនោះ​សិស្សស្រី​មាន ៧០​នាក់ កាលពី​ថ្ងៃទី​៦ និង ៧​ធ្នូ ឆ្នាំ​២០១៨ តែ​បច្ចុប្បន្ននេះ បាន​សះស្បើយ​វិញ​អស់ហើយ​៕