លោក សៅ សុខា ប្រកាស​សង់​ទីលាន​បាល់ទាត់​តាម​សាលា​គ្រប់​ខេត្ត​-​ក្រុង និង​ផ្តល់​ប្រាក់ខែ​ដល់​គ្រូបង្ហាត់​ម្នាក់​២​លាន​រៀល
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 December, 2018 ក+ ក-

​ព្រះវិហារ ៖ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បានប្រកាសថា នឹងធ្វើ​ការសាងសង់​ទីលាន​បាល់ទាត់​ស្តង់ដា នៅតាម​សាលារៀន​នានា​តាម​បណ្តា​ខេត្ត​-​រាជធានី ឲ្យ​រួច​ក្នុង​ឆ្នាំ​២០១៩ ហើយ​ពិសេស​ជាង​នេះ គឺ​សហព័ន្ធ​កីឡាបាល់ទាត់​នឹង​ឧបត្ថម្ភ​ប្រាក់​ប្រចាំខែ ដល់​លោកគ្រូ​អ្នកគ្រូ​ក្នុង​ម្នាក់ៗ ថវិកា​២​លាន​រៀល​ក្នុង​មួយខែ​។​

​ការប្រកាស​បែបនេះ​រប​ស់ នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ធ្វើឡើង​ក្នុងឱកាស​អញ្ជើញ​ចូលរួម​ក្នុង​កម្មវិធី​សម្ពោធ​ទីលាន​បាល់ទាត់​នៅក្នុង​វិទ្យាល័យ ជា ស៊ីម ត្បែងមានជ័យ និង​បើក​ការប្រកួត​បាល់ទាត់​ជ្រើសរើស​ជើងឯក​យុវជន​ក្រោម​អាយុ​១៥​ឆ្នាំ យុវជន​ក្រោម​អាយុ​១៧​ឆ្នាំ និង​ការប្រកួត​បាលទាត់​នារី​ឆ្នាំ​២០១៨ នៅ​រសៀល​ថ្ងៃទី​០៨ ខែធ្នូ ឆ្នាំ​២០១៨​នេះ​។

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​លើកឡើងថា ការប្រកួត​ជម្រើស​ជើងឯក​យុវជន អាយុ​ក្រោម​១៥​ឆ្នាំ ក្រោម​១៧​ឆ្នាំ និង​ប្រកួត​ជម្រើស​ជើងឯក​បាល់ទាត់​នារី ឆ្នាំ​២០១៨​នេះ គឺជា​ផ្នែក​មួយ​យ៉ាងសំខាន់​នៅ ក្នុង​គំរោងការ​អភិវឌ្ឍ​បាល់ទាត់​ថ្នាល បាល់ទាត់​យុវជន ដែល​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានដាក់​ចេញ នៅក្នុង​មហាសន្និបាត​ប្រចាំឆ្នាំ​របស់ខ្លួន​កាលពី​ឆ្នាំ​២០១៧​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្តថា នោះ​គឺ​ការពង្រីក​ហេ​ដ្ឋ​រចនាសម្ព័ន្ធ​បាល់ទាត់ និង​ផែនការអភិវឌ្ឍន៍​បាល់ទាត់​ឆ្ពោះទៅកាន់​ខេត្ត ទាំង​២៥​រាជធានី​-​ខេត្ត ហើយ​តាមរយៈ​ការប្រកួត​នេះ គឺ​យើង​បានជ្រើសរើស​នូវ​កីឡាករ​ឆ្នើម សម្រាប់​រៀបចំ​ជា​ក្រុម​ជម្រើសជាតិ​ចេញ ទៅ​ប្រកួត​ក្នុង​ក្របខ័ណ្ឌ​បាល់ទាត់ ដែល​រៀបចំ​ដោយ សមាគម​បាល់ទាត់​អាស៊ីអាគ្នេយ៍ AFF ការប្រកួត​បាល់ទាត់​ទ្វីបអាស៊ី AFC ឬ​បាល់ទាត់​អន្តរជាតិ ដែល​រៀបចំ​ដោយ FIFA​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា បាន​គូសបញ្ជាក់ថា ការប្រកួត​នៅពេលនេះ គឺមាន​សារៈសំខាន់​ក្នុងការ​ដុសខាត់​ជំនាញ​បច្ចេកទេស​កីឡាករ កីឡាការិនី និង​ឱកាស​សម្រាប់​អភិវឌ្ឍន៍​ធនធានមនុស្ស​ផ្នែក​បាល់ទាត់ ដូចជា​គ្រូ អាជ្ញាកណ្តាល មន្ត្រី​បច្ចេកទេស​រដ្ឋបាល​។​ល​។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា មកទល់ពេលនេះ មាន​គ្រូ​១០០​នាក់​ទូទាំងប្រទេស ដែល​ក្នុង​មួយ​ខេត្ត​មាន​គ្រូ​៤​នាក់ ទទួល​បណ្តុះបណ្តាល​កីឡាករ​ចំនួន​២​ក្រុម ដែល​ក្នុង​ក្រុម​នីមួយៗ មាន​កីឡាករ​២៥​រូប​។​

​ជាមួយគ្នានេះ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទទួលបន្ទុក​ឧបត្ថម្ភ​ប្រាក់បៀវត្ស​ន៍ សម្ភារ​ហ្វឹកហាត់ ព្រមទាំង​ការបណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស ដល់​គ្រូ​ទាំង​១០០​នាក់​ជាប្រចាំ​។ ដោយ​គោរព​តាម​គោល​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា និង​ការតាំង​ចិត្ត​បម្រើប្រជាជន​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្នុងការ​លើកកម្ពស់​ជី​វ​ភាព​រស់នៅ​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ កម្មករ​និ​យោ​ជិ​ក​ទាំង​ឯកជន​ទាំង​រដ្ឋ​។​

​លោ​កថា​នៅទីនេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ជា​អង្ក​ការ​ក្រៅ​រដ្ឋាភិបាល ដែល​បាន​ប្តេជ្ញាចិត្ត​យ៉ាងខ្លាំង​តាម​គោលនយោបាយ​ដឹកនាំ​ប្រទេស​របស់ សម្តេច​តេ​ជោ ហ៊ុន សែន គឺ​រាជរដ្ឋាភិបាល ហើយ​ក្នុងនាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ចាប់ពី​ខែមករា ឆ្នាំ​២០១៩ ទៅដោយ​ផ្អែកលើ​តម្លៃ​គុណសម្បត្តិ ឬ​ផ្នែក​គុណភាព​គ្រូ ត្រូវតែ​បាន​បណ្តុះបណ្តាល​ប្រឡង​ទទួលបាន​សញ្ញាបត្រ ហើយ​ធ្វើការ​គ្រប់ពេល​ម៉ោង​កំណត់ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង​ពិនិត្យ​ឧបត្ថម្ភ​ប្រាក់​ប្រចាំខែ ក្នុង​ម្នាក់​២​លាន​រៀល​បន្ថែម លើ​ប្រាក់ខែ​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​។​

​សូមបញ្ជាក់ថា ការប្រកួត​បាលទាត់​ជ្រើសរើស​ជើងឯក​យុវជន​ក្រោម​អ​យុ​១៥​ឆ្នាំ ក្រោម​អាយុ​១៧​ឆ្នាំ និង​ប្រកួត​ជ្រៀស​រើស​ជើងឯក​បាល់ទាត់​នារី​ឆ្នាំ​២០១៨​នេះ គឺមាន​រយៈពេល​រហូត​៤​ខែ ចាប់ផ្តើម​ពីថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០១៨​នៅ​ខេត្តព្រះវិហារ ហើយ​បញ្ចប់​នៅ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៩ នៅ​ខេត្តបន្ទាយមានជ័យ ហើយ​កីឡាករ កីឡា​ការ​នី ដែល​ត្រូវ​ប្រកួត​ពេលនេះ​មាន​៦៦​ក្រុម មាន​កីឡាករ កីឡាការិនី​សរុប​១,៦៥០​នាក់​ផងដែរ​៕