ក្រុមហ៊ុនយល់ព្រមកាយដីដែលចាក់ រំលោភឆ្នេរសមុទ្រនៅស្រុក ស្ទឹងវិញហើយ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2018 ក+ ក-

​ខេត្ត​ព្រះសីហនុ ៖ បន្ទាប់ពី​រដ្ឋបាល​ស្រុក​ព្រៃនប់ ចុះ​ធ្វើ​កំណត់ហេតុ​ផ្អាក​ការដ្ឋាន ដែល​បាន​ចាក់ដី​រំលោភ​ចំណី​អូរ​កំបុត ជាប់​ផ្លូវជាតិ​លេខ​៤​ក្នុងភូមិ​អូរ​តាសេក ឃុំ​អូរ ឧកញ៉ា ហេង ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ នាពេល​កន្លងមក កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ ការដ្ឋាន​បាន​ឯកភាព​កាយ​ដី​ចេញ​វិញ​ដោយ​រក្សា​ភាព​ដើម​។​

​គួររំលឹកថា ក្រោយពី​មាន​ករណី​ម្ចាស់​ការដ្ឋាន​ជួសជុល​អ៊ូ​ទូក នៅ​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ ចាក់ដី​លុប​ឆ្នេរសមុទ្រ នៅ​ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ បាន​បញ្ជា​ឲ្យ​កម្លាំង​មូលដ្ឋាន​ចម្រុះ ស្រុក​ស្ទឹងហាវ ចុះ​កាយ​ដី​លុប ឆ្នេរសមុទ្រ​វិញ​។​

​លោក សរ កក្កដា អភិបាលស្រុក​ព្រៃនប់ បាន​គូស​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ថា ដោយមាន​ការពន្យល់​ណែនាំ ដល់​តំណាង​ការដ្ឋាន ដែល​បាន​ចាក់ដី​លប់​អូរ និង​បានធ្វើ​កំណត់ហេតុ​ផ្អាក​សកម្ម​ភាពជា​បណ្តោះអាសន្ន​រួចមក តំណាង​ក្រុមហ៊ុន ក៏បាន​យល់ព្រម​កាយ​ដី​ចេញ​វិញ​ហើយ ដោយ​រក្សា​ភាព​ដើម ដោយ​បានធ្វើ​កិច្ចសន្យា បញ្ឈប់​សកម្មភាព​ដែល​ឲ្យ​ប៉ះពាល់​ដល់​ផលប្រយោជន៍​សាធារណៈ​។​

​លោក​អភិបាលស្រុក​បាន​បន្តថា សម្រាប់​រដ្ឋបាល​ស្រុក​ព្រៃនប់ ក៏ដូចជា​រដ្ឋបាលខេត្ត​ព្រះសីហនុ តែងតែ​ស្វាគមន៍​ជានិច្ច​នូវ​ការវិនិយោគ របស់​អ្នកវិនិយោគ​គិ​ន​គ្រប់​ប្រភេទ ប៉ុន្តែ​រដ្ឋបាល​ស្រុក​ព្រៃនប់ ក៏ដូចជា​រដ្ឋបាលខេត្ត​ព្រះសីហនុ មិន​ស្វាគមន៍​ជាដាច់ខាត​នូវ​ការវិនិយោគ​ទាំងឡាយណា ដែល​បានធ្វើ​ឲ្យ​បាត់បង់​ផលប្រយោជន៍​សាធារណៈ ជាពិសេស​រំលោភ​លើដី​កម្មសិទ្ធិ​របស់​រដ្ឋ​។

​នៅក្នុង​បទសម្ភាសន៍​ជាមួយ​បណ្តាញ​ផ្សព្វផ្សាយ លោកស្រី ហៀក ហ៊ី​មុ​ល្លី អភិបាលរង​ខេត្ត កាលពី​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ខណៈដែល​បាន​ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​របស់​ខេត្ត និង​ស្រុក​ស្ទឹងហាវ អញ្ជើញ​ពិនិត្យ​ការដ្ឋាន​ជួសជុល​អ៊ូ​ទូក នៅ​ឃុំ​ទំនប់រលក​ស្រុក​ស្ទឹងហាវ បាន​ថ្លែងថា “​តាម​គោលការណ៍​របស់លោក​យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ រដ្ឋបាលខេត្ត បានសម្រេច​ឲ្យ​ម្ចាស់​ការដ្ឋាន កាយ​យក​ដី ដែល​ចាក់​ចូល​សមុទ្រ ក្នុង​ការដ្ឋាន​នេះ​វិញ រួច​តម្រូវ​ឲ្យ​ម្ចាស់​ការដ្ឋាន ស្នើសុំ​ច្បាប់​ជា​ផ្លូវការ ដោយ​បង្ហាញ​ពី​គំរូ​ប្លង់​ត្រឹមត្រូវ ដាក់ជូន​ទៅកាន់​អាជ្ញាធរខេត្ត ដើម្បី​ឲ្យ​ផ្នែក​ជំនាញ​ពាក់ព័ន្ធ ត្រួតពិនិត្យ មុននឹង​អនុញ្ញាត ឲ្យ​ជួសជុល​អ៊ូ​ទូក​នេះ​បន្តទៀត​”៕