សេវា​កាណូត​ដឹក​អ្នកដំណើរ​តាម​ដង​ទន្លេសាប និង​ទន្លេបាសាក់ ដោយ​មិន​បង់ប្រាក់ នឹង​បញ្ចប់​នៅ​ចុង​ឆ្នាំនេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ភ្នំពេញ ៖ តាម​ផែនការ ការធ្វើដំណើរ​មិន​គិត​ប្រាក់​តាម​កាណូត​ដឹក​អ្នកដំណើរ​ពី​ព្រែក​ព្នៅ ទៅ​ក្រុង​តាខ្មៅ នឹង​បញ្ចប់​ត្រឹម​ចុង​ឆ្នាំនេះ ហើយ​រដ្ឋបាល​រាជធានី​នឹងធ្វើ​ការសម្រេច​នៅពេល​ក្រោយ​ទៀតថា តើ​នឹង​ផ្ដល់​សេវា​មិន​គិត​ប្រាក់​នេះ​បន្តទៀត ឬ​អត់​?​។ នេះ​បើតាម​កា​បញ្ជាក់​របស់លោក ម៉េ​ត មាស​ភក្ដី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក ម៉េ​ត មាស​ភក្ដី បន្តថា សេវា​កាណូត​ដឹក​អ្នកដំណើរ តាម​បណ្ដោយ​ទន្លេសាប និង​ទន្លេបាសាក់ គឺមាន​ចំណត​៤​កន្លែង​នៅ​ភ្នំពេញ និង​ចំណត​ចុងក្រោយ​នៅ​ក្រុង​តាខ្មៅ ខេត្តកណ្ដាល ដោយ ផ្ដល់​កាណូត​ចំនួន​៤ គ្រឿង បច្ចុប្បន្ន​មាន​អ្នកដំណើរ​ជា​មធ្យម​១០០​នាក់​ក្នុង​១​ថ្ងៃ​។​

​គួរ​ជម្រាប​ថា កាណូត​ដឹក​អ្នកដំណើរ​នេះ គឺជា​ការផ្ដល់​ចុងក្រោយ​មួយ​សម្រាប់​មធ្យោបាយ​ដឹកជញ្ជូន​សាធារណៈ​ថ្មី​រំដោះ​ការកកស្ទះ​ចរាចរណ៍​នៅ​ទីក្រុង​ភ្នំពេញ បន្ទាប់ពី​សេវា​រថយន្តក្រុង​សាធារណៈ និង​សេវា​រថភ្លើង​ចេញពី​សា្ថ​នី​យ​កណ្ដាល​នៅ​ភ្នំពេញ ទៅ​ព្រលានយន្តហោះ​អន្តរជាតិ​៕