​ប៉ូលិស​គ្រឿងញៀន រង​បណ្ដឹងជំរិត​ទារប្រាក់​១​ពាន់​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 December, 2018 ក+ ក-

​ភ្នំពេញ ៖ ថ្មីៗ​នេះ នគរបាល​នាយកដ្ឋាន​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ដែល​ចាប់​យុវជន​២​នាក់ មក​ឃុំខ្លួន​២​យប់ ដោយ​ពុំ​ឆ្លងកាត់​ពី​ព្រះរាជអាជ្ញា​តុលាការ​ទេ និង​ជំរិត​ទារលុយ​បានសម្រេច​ចំនួន​១.០០០​ដុល្លា និង​ដកយក​ទូរស័ព្ទដៃ OPPO មួយគ្រឿង នោះ ពេលនេះ​កំពុង​រង​បណ្តឹង​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

នៅ​ព្រឹក​ថ្ងៃទី​១១​ខែធ្នូ​ឆ្នាំ​២០១៨​នេះ ឪពុក​យុវជន​ដែល​ត្រូវ​ប៉ូលិស​គ្រឿងញៀន​ចាប់​ឃាត់ខ្លួន និង​ទារលុយ​ចំនួន​១.០០០​ដុល្លារ ជា​ថ្នូរ​នឹង​ការដោះលែង​កូន​របស់គាត់នោះ បាន​ទៅកាន់​អង្គភាព​ប្រឆាំង​អំពើរ​ពុករលួយ (ACU) ដើម្បី​ដាក់ពាក្យ​ប្តឹង​។​

​តាម​សម្តី​ឪពុក​ជនរងគ្រោះ​មានឈ្មោះ ហៀ​ង ចាន់​ដា​រ៉ា អាយុ​៥៥  បច្ចុប្បន្ន​ស្នាក់នៅភូមិ​ចា ឃុំ​ក្រវ៉ា ស្រុក​បារាយ ខេត្តកំពុងធំ បាន​រៀបរាប់​បានអោយដឹងថា ​យុវជន​ទាំង​២​នាក់​ខាងលើ ទី​១-​ឈ្មោះ ជួន គ​ន្ធា ភេទ​ប្រុស​អាយុ​២០​ឆ្នាំ និង​ទី​២-​ឈ្មោះ បុ​ត នឹម ភេទ​ប្រុស​អាយុ​២១​ឆ្នាំ អ្នក​ទាំង​២​ ជា​បងប្អូនជីដូន​១​នឹង​គ្នា​ បាន​ចេញពី​ស្រុកកំណើត​មក​ធ្វើការ​សំណង់​នៅ​ភ្នំពេញ​។​

​នៅ​ព្រឹក​ថ្ងៃទី​១១​ ខែធ្នូ ឆ្នាំ​២០១៨ នេះ ឪពុក​របស់​ពួកគេ​បាន​អះអាង​ប្រាប់​បណ្តាញ​អ្នកសារព័ត៌មាន ថា​៖ កូន​ និង​ក្មួយ​ទាំងពីរនាក់​ ​ត្រូវបាន​នគរបាល នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ក្រសួងមហាផ្ទៃ ចាប់ខ្លួន​នៅ​ចំណុច គល់ស្ពាន​ក្បាលថ្នល់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃទី​២៩​ ខែវិច្ឆិកា ឆ្នាំ​២០១៨ រួម​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​ស្មា​ក់វី​ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ យកមក​ឃុំខ្លួន នៅ​បន្ទប់​០០៩ នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ក​.៤ នៃ​អគ្គស្នងការ​នគរបាល​ជាតិ ខណៈ​ពួកគេ​ឈប់​សប់​កង់​ម៉ូតូ​។​

​ប្រភពនេះបន្តថា ក្រោយពេល​ចាប់ខ្លួន​ភ្លាម​ប៉ូលិស​បាន ជំរិត​ទារ លុយ​២.០០០​ដុល្លា ជា​ថ្នូរ​នឹង​កា​ដោះលែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​។ ប៉ុន្តែ​ដោយ​គ្រួសារ​ពួកគេ​មិនសូវ​សំបូរ​លុយ​ទើប​មានការ​តថ្លៃ​គ្នា តាំងពីព្រឹក​ថ្ងៃទី ៣០​ ខែវិច្ឆិកា ឆ្នាំ​២០១៨ រហូតដល់​ព្រឹក​ថ្ងៃទី​០១ ខែធ្នូ​ ឆ្នាំ​២០១៨ ទើបត្រូវ​ថ្លៃ​គ្នា​ត្រឹម​១.០០០​ដុល្លារ​។​

​ប្រភពនេះបន្តថា ​ក្រុមគ្រួសារ គាត់​ក៏​ដើរ​ចងការ​លុយ​គេ យកមក​ប្រគល់​ឲ្យ​ប៉ូលិស ការិយាល័យ​គ្រឿងញៀន ក​.៤ តាម​កំណត់​នៅ​ព្រឹក​នោះ​តែម្ដង ដើម្បី​បានកូន​ក្មួយ​ទាំង​២​នាក់​មាន​សេរី​ភាព​វិញ​សិន យ៉ាងណាៗចាំគិតទៀត។​

​ប្រភព​ដដែល​បន្តថា គាត់​ប្រគល់​លុយ​ឲ្យ​ប៉ូលិស​ទាំង​ស្រក់​ទឹកភ្នែក ព្រោះ​កូន​និង​ក្មួយ​គាត់ គ្មាន​កំហុស​អ្វី​សោះ​? ។ បើ​ថា ប្រើប្រាស់ ​ឬ​ជួញដូរ​គ្រឿងញៀន​ក៏​អត់ វាយតប់​គេ ឬ​ចរាចរ​ណ៏​បុក​គ្នា​ ក៏​អត់​ដែរ ពិនិត្យ​ទឹកនោម​ក៏​គ្មាន សារធាតុ​ញៀនរក​វត្ថុតាង​ថ្នាំញៀន​ជាប់​ខ្លួន ក៏​មិនមាន​ទៀត គឺគ្មាន​អ្វី​ទាំងអស់​។​​មិន​ត្រឹមតែ​ប៉ុណ្ណោះ​ទេ ប៉ូលិស​គ្រឿងញៀន ក​.៤​ បាន​យក​ទូរស័ព្ទ​ម៉ាក ​OPPO មួយគ្រឿង​ពី​ពួកគេ​ទៀតផង​ ហើយ​នៅពេល​សួររក​ទូរស័ព្ទ​វិញ ស្រាប់តែ​ប៉ូលិស​គំហកថា ម៉េច​ស្ដាយ​ទូរស័ព្ទ​នឹង​ចង់​ជាប់គុក​ឬ​?​។​

​បច្ចុប្បន្ន​យុវជន​ទាំង​២​នាក់ ត្រូវបាន​ប៉ូលិស​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ ដោះលែង ​អោយមាន​ស៊េរី​ភាព​វិញ​ហើយ តែ​មិនមាន​ទូរស័ព្ទ​ប្រើ​ទេ ឯ​លុយ​ក៏​ជំពាក់​គេ​ទៀត​  ដែលពេលនេះ​ កូនក្មួយកំពុង​បន្តធ្វើ​ការសំណង់​ដើម្បី​ដោះ​បំណុលគេ​ជា​បណ្ដើរៗ​។​

​ប្រភពដដែលបន្តថា ក្នុងនោះ​ផងដែរ គ្រួសារ​គាត់​សម្រេច​ដាក់ពាក្យ​ប្ដឹងទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ហៅថា ACU ដើម្បី​អង្គភាព​មួយ​នេះ​ មាន​ចំណាត់ការ​តាមច្បាប់ លើ​ប៉ូលិស​គ្រឿងញៀន ក​.៤​។​

​ចំពោះ​ការចោទប្រកាន់​ខាងលើនេះ មិនអាច​ទាក់ទង​សុំ​ការបកស្រាយ​ណាមួយ ពី​ខាង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន ការិយាល័យ​ទី​៤ (​ក​.៤) នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​នៅឡើយ​ទេ​៕ (ឪពុកយុវជនមកប្ដឹងនៅអង្គភាពប្រឆាំងអំពើពុករលួយ)