រកឃើញ​ឈាមជ្រូក​មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់ លក់​ក្នុង​ផ្សារ​ច្បារអំពៅ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល​ជាច្រើន​សាខា​នៅ​រាជធានី​ភ្នំពេញ បាន​ចុះ ត្រួតពិនិត្យ​នៅតាម​បណ្តា​ផ្សារ​សំខាន់ៗ​ចំនួន​៩ នៅ​រាជធានី​ភ្នំពេញ ដូចជា​៖ ផ្សារ​ស៊ិន​ជូ​រី​ផ្លា​ហ្សា ផ្សារ​ច្បារអំពៅ ផ្សារ​ជម្ពូ​វ័ន ផ្សារ​អូរ​ឡាំ​ពិ​ក ផ្សារ​អូរ​ឬ​ស្សី ផ្សារ​ដើម​គរ ផ្សារ​ស្ទឹងមានជ័យ ផ្សារ​ធំថ្មី និង​ផ្សារ​ទួល​ទំពូង​។

​សូមជម្រាបថា ម្ហូបអាហារ​ដែល​ត្រូវធ្វើ​ការវិភាគ ដូចជា ឈាមជ្រូក បបែល​ងៀត យី​ហ៊ឺ នំស្លឹកស្រស់ ត្រសក់​ត្រាំ ត្រយូងចេក​ហាន់​រួច សណ្តែកបណ្តុះ គ្រឿង​សមុទ្រ គុយទាវ​សរសៃ​តូច លត បាញ់ កាញ់ មី​គ្រប់មុខ ទឹកខ្មេះ​គ្រប់​ប្រភេទ ប្រហិត​គ្រប់មុខ ជ្រក់​គ្រប់មុខ សាច់ក្រក និង​ត្រីងៀត​គ្រប់មុខ ។

​បើ​យោងតាម​ផេ​ក​អគ្គនាយកដ្ឋាន​កាំកុងត្រូល បញ្ជាក់ថា នៅ​ផ្សារ​ច្បារអំពៅ បាន​រកឃើញ ឈាម ជ្រូក មាន​ផ្ទុក​សារធាតុ​គីមី​ហាមឃាត់​បូរ៉ា​ក់ (Borax) ប្រមាណ​៣,៥០​គីឡូក្រាម ហើយ​ត្រូវបានធ្វើ កំណត់ហេតុ​ដកហូត និង​ណែនាំ​មិន​អនុញ្ញាត​ឲ្យ​បន្ត​លក់​ម្ហូបអាហារ​ដែលមាន​ផ្ទុក​សារធាតុ​គីមី​នោះ ទៀតឡើយ​៕