កាសែត The Cambodia Daily មិន​វិល​មក​កម្ពុជា​វិញ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2018 ក+ ក-

​ភ្នំពេញ ៖ អ្នកស្រី Deborah Krisher Steele ម្ចាស់​កាសែត The Cambodia Daily បាន​អះអាង​ជាថ្មី​ថា កាសែត​មួយ​នេះ នឹងមិន​វិល​ត្រឡប់មក​កម្ពុជា​ដើម្បី​បន្ត​ការផ្សាយ​របស់ខ្លួន​ឡើងវិញ​នោះឡើយ​។

​អ្នកស្រី​ចាងហ្វាង​កាសែត រូបនេះ លើកឡើងថា The Cambodia Daily នឹង​បន្ត​ការផ្សាយ​ជាថ្មី​របស់ខ្លួន​នៅលើ​បណ្តាញ អ៊ិន​ធឺ​ណេ​ត វិញ​ម្តង ហើយ​រហូត​មកទល់ពេលនេះ សារព័ត៌មាន​របស់​អ្នកស្រី កំពុង​ទទួល​បានការ​ស្វាគមន៍ និង​ការចូល​មើល​ច្រើន​ពី​ក្រុម​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក​។​

​អ្នកស្រី​ម្ចាស់​ស្ថាប័ន​កាសែត បានបញ្ជាក់​ជំហរ​យ៉ាងច្បាស់​ថា នឹងមិន​វិល​ត្រឡប់មក​កម្ពុជា​វិញ​នោះទេ ដោយ​បញ្ជាក់ថា ច្បាប់​របស់​កម្ពុជា​មិនទាន់​រឹងមាំ​ល្អ ពោល ការអនុវត្ត​នយោបាយ​ចាប់​ហើយ​ដោះលែង​វិញ ការ​ធ្វើទុក្ខបុកម្នេញ​ដដែលៗ អំពើពុករលួយ ការប្រើប្រាស់​ស្ថាប័ន​ពន្ធដារ និង​តុលាការ​ជា​ឈ្នាន់ ដើម្បី​គំរាមកំហែង​ខាង​ផ្នែក​នយោបាយ​ដល់​ស្ថាប័ន​សារព័ត៌មាន​។​

​គួរ​ជម្រាប​ថា កន្លងមក​រដ្ឋាភិបាល​បាន​ចោទប្រកាន់ថា សារព័ត៌មាន The Cambodia Daily បាន​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ​២០០៧​មក ដោយ​មិនបាន​បង់ពន្ធ​នោះឡើយ ដែល​ពន្ធ​ទាំងនោះ​មាន​ទឹកប្រាក់​ដល់​ជាង ៦​លាន ៣​សែន ដុល្លារ​អាមេរិក ហើយ​ថា The Cambodia Daily អាច​ដំណើរការ​ឡើងវិញ​បាន លុះត្រាតែ​ព្រម​ដោះស្រាយ​បំណុល​ពន្ធដារ​រួចរាល់​៕