សម្តេច ស ខេង អំពាវនាវ​កុំ​ស៊ីឈ្នួល​ពពោះ​ជំនួស ព្រោះ​ជា​អំពើ​ខុសច្បាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ភ្នំពេញ ៖ ក្នុង​ទិវា​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ថ្ងៃទី​១២ ធ្នូ ឆ្នាំ​២០១៨ នេះ សម្តេច ស ខេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ស៊ីឈ្នួល​ពពោះ​ជំនួស ដើម្បី​ជា​មធ្យោបាយ​ក្នុងការ​ដោះស្រាយ​ជីវភាព ពីព្រោះ​ការ​ពពោះ​ជំនួស ជា​អំពើ​បាប និង​ជា​អំពើ​ខុសច្បាប់​។ ជាមួយគ្នានេះ សម្តេច ស ខេង ក៏បាន ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​រួមគ្នា​ទប់ស្កាត់​ការជួញដូរ​មនុស្ស និង​បង្កា​ទប់ស្កាត់​បទល្មើស​ដទៃទៀត ផងដែរ​។​

​សូមបញ្ជាក់ថា កន្លងទៅ​សមត្ថកិច្ច បាន​ចាប់​ឃាត់ខ្លួន​ស្ត្រី​ពពោះ​ជំនួស​៣២​នាក់ និង​មនុស្ស​៥​នាក់​ទៀត​ជា​មេខ្យល់ ក្នុងនោះ​មាន​ជនជាតិ​ចិន​ម្នាក់​ផងដែរ​។ ការ​ពពោះ​ជំនួស ជា​អំពើ​មួយ​ខុសច្បាប់ ដែល​ចាត់ទុកជា​បទល្មើស​ការ​ជួញដូរ​មនុស្ស​ផងដែរ​។​

​ទោះជា​យ៉ាងនេះ​ក្តី រហូតមកដល់​ពេលនេះ មាន​ស្ត្រី​ស៊ីឈ្នួល​ពពោះ​ជំនួស​មួយចំនួន ត្រូវបាន​ដោះ លែង​ឲ្យ​ត្រឡប់ទៅផ្ទះ​វិញ​ហើយ ដោយ​ភ្ជាប់​ជាមួយ​លក្ខខណ្ឌ​ត្រូវ​ចិញ្ចឹម​កូន​ដោយ​ខ្លួនឯង​៕