វិបត្តិ​រវាងកាណាដា និង​ចិន កើនឡើង​ខ្លាំង បន្ទាប់ពី​ចិន​ចាប់ខ្លួន​អតីតមន្ត្រី​ទូត​កាណាដា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ចិន ៖ នៅពេលដែល​អាជ្ញាធរ ចិន ចាប់ខ្លួន​ពលរដ្ឋ កាណាដា ម្នាក់ ឈ្មោះ មី​កា​អែល ខូ​វី​ក ជា​អ្វីដែល​ត្រូវបាន​គេ​មើលឃើញថា បំណង​សងសឹក​ចំពោះ​ការចាប់ខ្លួន​ពលរដ្ឋ ចិន ធ្វើឡើង​ដោយ​អាជ្ញាធរ កាណាដា ។ លោក មី​កា​អែល ខូ​វី​ក ជា​អ​តី​តៈ​មន្ត្រីការទូត កាណាដា និង​ជាទី​ប្រឹក្សា​របស់​ក្រុមហ៊ុន International Crisis សម្រាប់​អាស៊ី​ឥ​សាន្ត មាន​មូលដ្ឋាន​ក្នុងប្រទេស បែលហ្ស៊ិក ដែលជា​ក្រុម​ស្រាវជ្រាវ​ផ្ដោតទៅលើ​ការកាត់បន្ថយ​ទំនាស់ ។

​លោក ខូ​វី​ក ធ្វើការ​នៅ​ក្រសួងការបរទេស កាណាដា ចន្លោះ​ឆ្នាំ ២០១២​ដល់​ឆ្នាំ ២០១៦ និង​ធ្វើការ​ក្នុង​ទីក្រុង ប៉េកាំង និង ហុងកុង ចន្លោះ​ឆ្នាំ ២០១២​ដល់​ឆ្នាំ ២០១៦ ។ លោក មី​កា​អែល ខូ​វី​ក ត្រូវបាន​អាជ្ញាធរ ចិន ខាប់​ខ្លួន បន្ទាប់ពី​អាជ្ញាធរ កាណ​ដា មិន​ព្រម​ដោះលែង​ប្រធាន​ហិរញ្ញវត្ថុ​ពិភពលោក​របស់​ក្រុមហ៊ុន Huawei អ្នកស្រី ម៉េង វ៉ាន​ចូ​វ ព្រមទាំង​មាន​គម្រោង​ធ្វើ​ប​ត្យា​ប័ណ​តាម​សំណើ​របស់​អាជ្ញាធរ អាមេរិក ទៀតផង ។

​ទោះយ៉ាងណា អ្នកស្រី ម៉េង ត្រូវបាន​តុលាការ កាណាដា អនុញ្ញាត​ឲ្យ​នៅក្រៅ​ឃុំ ប៉ុន្តែ​ស្ថិតក្រោម​ការតាមដាន​ពេញ ២៤​ម៉ោង ។ តុលាការ​កំណត់​ឲ្យ​អ្នកស្រី ម៉េង ត្រូវ​ឡើង​សវនាការ​ម្ដងទៀត​នៅ​ថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំក្រោយ​៕