រដ្ឋសភា បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​ការកែប្រែ​ច្បាប់បើកផ្លូវ​ឱ្យអ្នកនយោបាយដែលជាប់បម្រាម
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋសភាជាតិ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែធ្នូ នេះ បានអនុម័ត​ជា​ឯកច្ឆន្ទ​លើ​សេចក្តីស្នើច្បាប់ ស្តីពី វិសោធនកម្ម​ច្បាប់​គណបក្សនយោបាយ ដែល​អាច​បើកផ្លូវ​ឱ្យ​អតីត​ថ្នាក់ដឹកនាំ គណបក្ស​សង្គ្រោះ ជាតិ មាន​សិទ្ធិ​ពេញលេញ​ក្នុង​ការធ្វើ​នយោបាយ​ឡើងវិញ​។ កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ក្រោម​សំឡេង​តំណាងរាស្ត្រ ១១៥/១១៥​។​

​សូមបញ្ជាក់ថា ការរៀបចំ​សេចក្តីស្នើច្បាប់​នេះ បាន​ធ្វើឡើង​បន្ទាប់ពី រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ បានចេញ​សេចក្តីថ្លែងការណ៍​សំខាន់​មួយ​សម្រួល ដល់​ស្ថានការណ៍​អ្នកនយោបាយ​ក្រុមប្រឆាំង ដែល​ត្រូវ​តុលាការ​ហាមឃាត់​សិទ្ធិ ធ្វើ​នយោបាយ កន្លងទៅ ក៏ដូចជា​សម្រួល​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស​នានា​នៅ​កម្ពុជា ដូចជា វិទ្យុ​សំឡេង​សហ រដ្ឋ អាមេរិក (VOA) វិទ្យុ​អាស៊ីសេរី (RFA) កាសែត Cambodia Daily អង្គការ​សង្គម​ស៊ីវិល និង សហជីព​ជាដើម​៕