តុលាការ​អាមេរិក​កាត់ទោស​អតីត​មេធាវី​របស់លោក ត្រាំ ឲ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​អាមេរិក ៖ តុលាការ​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃ​ពុធ ម្សិលមិញ​នេះ បានសម្រេច​ផ្តន្ទាទោស​អតីត​មេធាវី​របស់លោក Donald Trump គឺ​លោក Michael Cohen ឱ្យ​ជាប់ពន្ធនាគារ​៣​ឆ្នាំ​ពីបទ​ឧក្រិដ្ឋ​ផ្នែក​ហិរញ្ញវត្ថុ និង​និយាយ​កុហក​សភា​អាមេរិក​ទាំង ២​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន channel news asia ។​

​លោក Cohen បាន​សម្ដែង​ការសោកស្ដាយ និង​សុំទោស​ទៅកាន់​ចៅក្រម​លោក William H. Pauley នៅក្នុង​សវនាការ​ផងដែរ និង​ទទួលខុសត្រូវ​លើ​បទឧក្រិដ្ឋ​ជាច្រើន​ក្នុងនោះ​រួមមាន ការ​គេចពន្ធ ការនិយាយ​កុហក​សភា និង​ការបង់ប្រាក់​រាប់សែន​ដុល្លារ ដើម្បី​បិទមាត់​អតីត​តារា​អាសអាភាស​អាមេរិក​ម្នាក់ កុំឱ្យ​និយាយ​ពី​ទំនាក់ទំនង​ផ្លូវភេទ​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ​។​

​គួរ​បញ្ជាក់ថា លោក Michael Cohen ត្រូវបាន​គេ​រាយការណ៍​ថា បានផ្ដល់​ព័ត៌មាន​ជាច្រើន​ដល់​ក្រុម​អ្នកស៊ើប​អង្កេត​ពាក់ព័ន្ធ​នឹង​លោក ត្រាំ និង​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក​។ ប៉ុន្តែ​ក្រុម​រដ្ឋ​អាជ្ញាធរ​បាន​បដិសេធ​ប្រាប់​ពីអ្វី​ដែល​ពួកគេ​បានដឹង​ពី​អតីត​មេធាវី​រូបនេះ​៕