កម្ពុជា​-​ថៃ ត្រៀម​បើក​ការ​បោសសម្អាត​គ្រាប់មីន​នៅសងខាងព្រំដែន​​ប្រទេស​ទាំងពីរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​កម្ពុជា ៖ អង្គភាព​កម្ចាត់មីន​ក​ម្ពុ​ជា (​ស៊ីម៉ាក់​) និង​អង្គភាព​កំចាត់មីន​ថៃ (TMAC) នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ ២០១៨ នេះ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​មួយដែលរៀបចំឡើងនៅប្រទេសថៃ ស្តីអំពី​ការកំណត់​ជ្រើសរើស​ទីតាំង​ការ​បោសសំអាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ សម្រាប់​គាំទ្រ​ដល់​ការអភិវឌ្ឍន៍​និង​បង្កើត តំបន់​សេដ្ឋកិច្ច​ពិសេស​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំងពីរ អនុលោម​ទៅតាម​ស្មារតី​កិច្ចប្រជុំ និង​ការសម្រេច​របស់​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC)​។​

​សូមបញ្ជាក់ថា ផែនការ​បោសសំអាត​មីន​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ត្រូវបាន​រាជរដ្ឋាភិបាល​នៃ ប្រទេស​ទាំង​២ ប្រគល់​ឲ្យ​អង្គភាព TMAC និង​អង្គភាព CMAC អនុវត្ត​ជា​សេនាធិការ​ជូន​គណ​: កម្ម​ការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ​។

​យោងតាម​អនុសញ្ញា អូ​តា​វ៉ា ប្រទេស​ថៃ​គ្រោង​នឹង​សម្រេច​ឲ្យ​បាន​នូវ​ការ​បោ​ត​សម្អាត​មីន​ឲ្យ​អស់​នៅ ឆ្នាំ​២០២៣ ខណៈ​កម្ពុជា​កំណត់​ឲ្យ​ដោះ​គ្រាប់មីន ប្រឆាំង​មនុស្ស​ឲ្យ​អស់​នៅ​ឆ្នាំ​២០២៥៕