ADB ផ្តល់​កម្ចី​៧០​លាន​ដុល្លារ​សម្រាប់​កែលម្អ និង​លើកកម្ពស់​គុណភាព​ផ្លូវជាតិ​លេខ​១ និង​លេខ​៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 December, 2018 ក+ ក-

​ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB បានសម្រេច​ផ្តល់​កម្ចី​ប្រមាណ ៧០​លាន​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​គម្រោង​កែលម្អ និង​លើកកម្ពស់​កំណាត់​ផ្លូវជាតិ​លេខ​១ ពី​អ្នក​លឿង​ទៅ​បាវិត និង​កំណាត់​ផ្លូវជាតិ​លេខ​៦ ពី​សៀមរាប ទៅ ក្រឡាញ់ ដែលមាន​ប្រវែង​ជាង ១៤៥.៥៨​គីឡូម៉ែត្រ​។

​នៅក្នុង​ពិធី​ពិធី​ចុះហត្ថលេខា​ផ្តល់ និង​ទទួល​កម្ចី​នេះ នៅ​ថ្ងៃទី​១៣​ខែធ្នូ ឆ្នាំ​២០១៨​នេះ លោក​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍ថា ថវិកា​នេះ នឹងត្រូវ​យកទៅ​ប្រើប្រាស់ សម្រាប់​លើក​កម្រិត​ផ្លូវជាតិ​លេខ​១ ចន្លោះ​ពី​អ្នក​លឿង​ទៅ​បាវិត (​គីឡូម៉ែត្រ​លេខ ៦៣+៣០០ ដល់ គីឡូម៉ែត្រ​លេខ ១៥៩+០០០) ពី​កម្រាល​កៅស៊ូ DBST នាពេល​ប្ចុ​ប្បន្ន​ទៅជា​កម្រាល​កៅស៊ូ AC និង​ជួសជុល​ផ្លូវជាតិ​លេខ​៦ ចន្លោះ​ពី​ក្រុង​សៀមរាប ទៅ​ក្រឡាញ់ (​គីឡូម៉ែត្រ​លេខ​៣១៧+៦៣០ ដល់​គីឡូម៉ែត្រ​លេខ​៣៦៧+៥១២) ដែល​បច្ចុប្បន្ន​មាន​កម្រាល​កៅស៊ូ AC ស្រាប់​ហើយ​នោះ នឹងត្រូវ​សាងសង់​លូ​សងខាង​ផ្លូវ ដើម្បី​រំដោះ​ទឹកភ្លៀង​ចេញ​។​

​លោក រដ្ឋមន្ត្រី​បាន​បន្ថែមថា កំណាត់​ផ្លូវ​ទាំងពីរ​នេះ នឹងធ្វើ​ការលើក​កម្រិត​ដោយ​ការងារ​ស្ថាបនា​ក្រាល​កៅស៊ូ AC រយៈពេល ១៨​ខែ ហើយ​បន្ត​ថែទាំ​រយៈពេល ៣៦​ខែ សរុប​ប្រើពេល​៥៤​ខែ ដែល​នឹង​ចាប់ផ្តើម​ការដ្ឋាន​ពី​ខែមករា ឆ្នាំ​២០១៩ ដល់​ខែមិថុនា ឆ្នាំ​២០២៣​។​

​លោក ទេសរដ្ឋមន្ត្រី បញ្ជាក់ថា តាមរយៈ​ថវិកា​កម្ចី​នេះ ក៏​នឹងមាន​ការស្ថាបនា​មន្ទីរ​ពិសោធន៍​សម្ភារៈ​សំណង់​ចំនួន​៤​កន្លែង នៅ​ខេត្តក្រចេះ កំពត សៀមរាប និង​ពោធិ៍សាត់ ដើម្បី​បង្កលក្ខណៈ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ធ្វើការ​ត្រួតពិនិត្យ​បច្ចេកទេស​ការស្ថាបនា​ផ្លូវថ្នល់​ឲ្យ​កាន់តែ​មានគុណ​ភាពរឹងមាំ​ល្អ​។​

​លោក​រដ្ឋមន្ត្រី ស្នើឱ្យ​អ្នកប្រើប្រាស់​ផ្លូវ​ទាំងអស់​ចូលរួម​ថែរក្សា និង​គោរព​ច្បាប់​ចរាចរ​ផ្លូវគោគ​បានកំណត់ គឺ កុំ​បើកបរ ហួស​ល្បឿន​កំណត់ កុំ​បើកបរ​ក្នុងស្ថានភាព​ស្រវឹង បើកបរ​ត្រូវ​ពាក់មួក និង​ខ្សែក្រវ៉ាត់ កុំ​ផ្ទុក​លើស​ទំងន់​កំណត់ ត្រូវ​រួមគ្នា​ថែរក្សា​ផ្លូវថ្នល់ ដែលជា​សម្បត្តិ​របស់​យើងទាំងអស់គ្នា ដើម្បី​ផលប្រយោជន៍​ទាំងអស់គ្នា​៕