​ម៉ាស៊ីន​កាត់​អំពៅ កាត់​ដាច់​នារី​កម្មករ​ចម្ការ​អំពៅ​ម្នាក់ សមត្ថកិច្ច​ព្យាយាម​លាក់បាំង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖ នារី​វ័យក្មេង​ជា​កម្មករ​កាប់​អំពៅ​ម្នាក់ បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អធម៌ ដោយសារតែ​សំរាក​ពី​ការងារ​ហើយ​ចូលទៅ​ដេក​ក្នុង​រង​អំពៅ​ហើយ​ត្រូវបាន​ម៉ាស៊ីន​កាត់​អំពៅ កាត់​ចំ​បណ្តាលអោយ​ខ្ទេចខ្ទី​សាច់​អស់ ដូច​កំណាត់​អំពៅ​អញ្ចឹង ប៉ុន្តែ​ត្រូវបាន​លោក ហ៊ុន សុខ​ហុន អធិការ​ស្រុក​ថ្ពង​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ដោយបាន​ហាមឃាត់​មិនអោយ​អ្នកណាម្នាក់​ថត​យក​រូប​ភាព​នេះឡើយ ដើម្បី​ងាយស្រួល​បិទបាំង​រឿង​មួយ​នេះ​កុំអោយ​ដឹង​ដល់​ក្រុម​អ្នកសារព័ត៌មាន​នានា ដែល​សូម្បីតែ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ​ក៏​លោក​មិន​បានដឹង​រឿងនេះ​ដែល ។​

​ហេតុការណ៍​ម៉ាស៊ីន​កាត់​អំពៅ​កាត់​បណ្តាលអោយ​នារី​ម្នាក់​ស្លាប់​នេះ បាន​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨ នៅក្នុង​ចំការ​អំពៅ​ក្នុងភូមិ​ត្រពាំង​ក្រើ​ញ ឃុំ​ប្រាំបី​មុម ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​បើតាម​ប្រភពពី​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​ស៊ុន លី អាយុ ជាង​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពាណិជ្ជ ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​និង​ឈ្មោះ​រី ភេទ​ស្រី អាយុ​ជាង​៥០​ឆ្នាំ រស់នៅ​ក្នុងភូមិ​ពាណិជ្ជ ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ បាន​និយាយ​តាម​ទូរ​សព្ទ័​អោយដឹងថា នារី​រងគ្រោះ​ខាងលើ​នោះ​មានឈ្មោះ វ៉ន រិ ក្រៅ​ហៅថា អិត អាយុ​១៨​ឆ្នាំ ជា​កម្មករ​ចំការ​អំពៅ មាន​ម្តាយ​ឈ្មោះ វ៉ាន់ វន អាយុ​៥០​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ពាណិជ្ជ ឃុំ​យាអង្គ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ​។​

​របាយការណ៍​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​នារី​រងគ្រោះ​ខាងលើ បាន​ទៅ​បំពេញការងារ​ជា​កម្មករ​កាប់​អំពៅ​ដូច​ធម្មតា ស្រាប់តែ​ដល់​ម៉ោង​សំរាក នារី​រងគ្រោះ​បាន​ទៅ​សំរាក​នៅក្នុង​រង​អំពៅ លុះ​ដល់ពេល​ម៉ាស៊ីន​កាត់​អំពៅ​នោះ ចេញដំណើរ​ធ្វើ​ការងារ មិនបាន​ដឹង​ក៏​កាត់​ចំ​នារី​ខាងលើ​ដែល​កំពុងតែ​ដេក​ក្នុង​រង​បណ្តាល​ឲ្យ​ដាច់​ខ្លួន​ជា​កង់ៗ យ៉ាង​អាណោចអាធម៌ ។ ក្រោយ​កើតហេតុ​ភ្លាមៗ​គេ​ឃើញ​មាន​លោក​ហ៊ុន សុខ​ហុន អធិការនគរបាល​ស្រុក​ឱ​រ៉ា​ល់​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ​ព្យាយាម​លាក់បាំង​ព័ត៌មាន​និង​ហាម​មិនអោយ​កម្មករ ថតរូប​ផ្តេសផ្តាស​ឡើយ​។ មិនដឹងថា លោក​អធិការនគរបាល​ស្រុក​ថ្ពង បាន​រាយការណ៍​ទៅ​លោកស្នងការ​នគរបាល​ខេត្ត​ឬទេ​?​។​

​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ភ្លាមៗ នៅ​រសៀល​ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ​២០១៨ នេះ អ្នកយកព័ត៌មាន បាន​សួរ​ទៅ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ស្នងការ​នគរបាល​ខេត្ត​លោក​បាន​មានប្រសាសន៍ថា លោក​មិន​បានទទួល​ព័ត៌មាន​នោះទេ លោក​អធិការ​មិន​រាយការណ៍​អោយ​។​មិនដឹងថា​លោក​អធិការនគរបាល​ស្រុក​ថ្ពង ហ៊ុន សុខ​ហុន មានអំណាច​លើស​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន ទៀតផង​មើលទៅ​បានជា​រឿង​ករណី​ស្លាប់​មនុស្ស​មួយ​ទាំងមូល​លាក់បាំង​ថ្នាក់លើ​និង​ក្រុម​អ្នកសារព័ត៌មាន​នោះ​។​

​គួរ​រំលឹក​ផង​ដែលថា​កន្លងមក​លោក​ហ៊ុន សុខ​ហុន អធិការនគរបាល​ស្រុក​ថ្ពង ធ្លាប់​មានរឿង​ជាច្រើន​រហូតដល់​សម្តេច​ក្រឡាហោម ស ខេង ឧ​ប​នាយ​រដ្ឋមន្ត្រី និង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ចេញ​លិខិត​បញ្ជា​ដកតំណែង​លោក​អធិការនគរបាល​រូបនេះ ប៉ុន្តែ​មិនដឹងថា លោក ហ៊ុន សុខ​ហុន មាន​ខ្នងបង្អែក​ប៉ុណ្ណា​ទេ ទើប​ដក​មិន​ចេញពី​តំណែង ហើយ​ករណី​មនុស្ស​ស្លាប់​នៅក្នុង​ចំការ​អំពៅ​ម​នេះ​ទៀតសោត ក៏​លោក​អធិការនគរបាល​ស្រុក​ថ្ពង ហ៊ុន សុខ​ហុន មិន​រាយការណ៍​អោយ​លោកស្នងការ​នគរបាល​ខេត្ត​ដឹង​នោះទេ ហើយ​មិនដឹងថា តើ​លោក មានបំណង​អ្វី​?៕