​ចាប់ខ្លួន​អ្នក​បង្ហោះ​ព័ត៌មាន​វីដេអូ​ក្លែងក្លាយ ពី​ជន​ជាតិចិន​កាប់​ចាក់​គ្នា​នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 17 December, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​ម្នាក់ ត្រូវបាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ចាប់ខ្លួន ពាក់ព័ន្ធ​នឹង​សកម្មភាព​បង្ហោះ​វីដេអូ​កាត់ត​អំពី​រឿង​ជនជាតិ​ចិន​កាប់​ចាក់​គ្នា ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ក្នុង​រាជធានី​ភ្នំពេញ​។​

​យោងតាម​របាយការណ៍​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ថ្ងៃទី​១៦​ធ្នូ ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ៊ុម អាយុ​២៨​ឆ្នាំ កំពុងស្ថិត​ក្នុងការ​សាកសួ​រ​ពី​សមត្ថកិច្ច​នគរបាល​ជំនាញ​។

ជនសង្ស័យ អ៊ឹង ហ៊ុម គឺជា​ពលរដ្ឋ​ដែល​រស់នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​យប់​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៨​។​

​សូម​រំលឹកថា ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ៊ុម ត្រូវបាន​នគរបាល​តា​ម​ស្រាវជ្រាវ​ក្នុងករណី​បង្ហោះ​រូបភាព​វីដេអូ​កាត់ត​ក្នុង​បណ្តាញ​សង្គម ដែល​ចោទថា មាន ជន​ជាតិចិន​មួយក្រុម​កាន់​កាំបិត ដាវ​ដូច​ក្នុង​ភាពយន្ត​ចិន​ហុងកុង ដែល​ខ្សែ​វីដេអូ​នោះ បាន​បង្កអោយមាន​ការ​ភ័ន្តច្រឡំ​ពី​សាធារណមតិ​។​

​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ បាន​ថ្លែងថា វីដេអូ​នេះ មានការ​កាត់ត​រូបភាព​ក្នុង​ចេតនា​បំពុលបរិយាកាស​សង្គម បង្កអោយមាន​ការភ័ន្តច្រឡំ និង​បង្កើតអោយមាន​ការរើសអើង​ពូជសាសន៍​ក្នុងប្រទេស​កម្ពុជា ។​

​សមត្ថកិច្ច​នគរបាល​ជំនាញ បាន​ចាប់​ដកហូត​វត្ថុតាង​រួមមាន​ទូរស័ព្ទ ០១ គ្រឿង កុំព្យូទ័រ ០១ គ្រឿង និង​កុំព្យូទ័រ​យួរដៃ ០២ គ្រឿង ស៊ីម​កាត metfone ជាច្រើន និង ឧបករណ៍​ត​បណ្តាញ​អ៊ិន​ធឺ​ណែ​ត​មួយចំនួន​។​

​ជនសង្ស័យ​បាន​សារភាព​ប្រាប់​នគរបាល​ថា គោលបំណង​ក្នុងការ​បង្ហោះ​វីដេអូ​នោះ​គឺ​ដើម្បី​ឲ្យ​ការផលិត​ខ្សែ​វីដេអូ​របស់ខ្លួន​នោះ ត្រូវបាន​គេ​ចាប់អារម្មណ៍​ដើម្បី​ការស្វែងរក​ចុច ( Like) ចែករំលែក (Share) ដើម្បី​ជនសង្ស័យ​បាន​ចំណូល​ពី​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក និង Google ឲ្យ​បាន​ច្រើន​។ ជនសង្ស័យ​និយាយថា ការផលិត​ខ្សែ​វីដេអូ​នេះ គឺ​ដោយសារតែ​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ន​កំពុងតែ​ចាប់អារម្មណ៍​នឹង​សកម្មភាព​ជនជាតិ​ចិន​ក្នុងប្រទេស​កម្ពុជា​៕