​តុលាការ​ឃុំខ្លួន​បុរស​ដែល​បង្ហោះ​រូបភាព​ក្លែងក្លាយ​ពី​ជនជាតិ​ចិន​កាប់​ចាក់​គ្នា នៅ​កម្ពុជា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2018 ក+ ក-

​ភ្នំពេញ ៖ បុរស​ម្នាក់​ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​បន្ទាប់​ពី​សាកសួរ​អស់​រយៈ​ជាច្រើន​ម៉ោង ពាក់ព័ន្ធ​និង​ករណី​ចោទប្រកាន់ថា បាន​បង្ហោះ​ឃ្លី​ប​វីដេអូ​ក្លែងក្លាយ​ស្ដីពី​ក្រុម​ជនជាតិ​ចិន​កាន់​ដាវ​កាប់​ចាក់​គ្នា​នៅ​កណ្ដាលផ្លូវ​ធ្វើ​ឲ្យ​មានការ​ភ័នច្រឡំ​ថា ជា​ទិ​ដ្ធ​ភាព​នៅ​កម្ពុជា​។​

​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល ថ្ងៃទី​១៧ ខែធ្នូ បានចេញ​ដីការ​សម្រេច​ឃុំខ្លួន​បុរស​ម្នាក់​ដាក់ពន្ធនាគារ​ជា​បណ្តោះអាសន្ន
​ពាក់​ពន្ធ​ករណី​កាត់ត និង​បង្ហោះ​រូបភាព​វីដេអូ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កដោយ​អះអាងថា មាន​ជនជាតិ​ចិន​មួយក្រុម​កាន់​កាំបិត ដាវ ដេញ​កាប់​ចាក់​គ្នា​ដូច​រឿង​ហុងកុង ដែលជា​ហេតុ​ការ​មួយ​កើតឡើង​នៅក្នុង​អាណាចក្រ​ខណ្ឌទួលគោក​។​

​ជនសង្ស័យ​ឈ្មោះ អ៊ឹង ហ៊ុម ភេទ​ប្រុស អាយុ​២៨​ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ភូមិ​តា​ង៉ូ​វ សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ត្រូវបាន​លោក សេង ហៀ​ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្ន​ពេញ​ចោទប្រកាន់​ពីបទ​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍ និង​ក្លែង​លិខិត​សាធារណៈ និង​ប្រើ​ឯកសារ​ក្លែង​។​

​សូម​រំលឹកថា ជនសង្ស័យ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ក្រសួងមហាផ្ទៃ​ឃាត់ខ្លួន កាលពី​ថ្ងៃទី​១៥ ធ្នូ នៅ​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ ៕