​ខេត្តសៀមរាប ទទួលបាន​គម្រោង​បោសសម្អាត​មីន​ពី​ស៊ីម៉ាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2018 ក+ ក-

​ខេត្តសៀមរាប ៖ ថវិកា​ជំនួយ​ប្រមាណ​ជិត​២០​ម៉ឺន​ដុល្លា​អាមេរិក​ពី​អង្គការ​ដៃគូ​អា​ប៉ូ​ប៉ូ គាំទ្រ​ក្នង​វិស័យ​បោសសំអាត​មីន ត្រូវបាន​អង្គភាព ស៊ីម៉ាក់ រៀបចំ​ប្រគល់ជូន ដើម្បី​អនុវត្តន៍​គំរោង​បោសសំអាត​មីន​នៅ​ខេត្តសៀមរាប​។​

កាលពី​រសៀល​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨ អង្គភាព​ស៊ីម៉ាក់ បានរៀបចំ​ពិធី​ចុះហត្ថលេខា​រវាង​ទទួល​កញ្ចប់​ថវិកា​រវាង​អង្គភាព​ស៊ីម៉ាក់​កម្ពុជា​CMAC និង​អង្គការ APOPO ធ្វើឡើង​នៅ​ទីបញ្ជាការ ស៊ីម៉ាក់ រាជធានី​ភ្នំពេញ ដែល​គម្រោង​នេះ​នឹងត្រូវ​អនុវត្ត​ន៏​រយ​:​ពេល ១២​ខែ គិត​ចាប់ពី​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ ដោយ​ប្រតិ​ប​តិ្ត​ការ​បោសសំអាត​តំបន់​ចំការមីន​ស្ថិតនៅ​ខេត្តសៀមរាប​។

​អគ្គនាយក​នៃ​អង្គភាព​ស៊ីម៉ាក់ លោក ហេង រតនា បាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ហើយ​ដែល​អង្គការ​អា​ប៉ូ​ប៉ូ បន្ត​គាំទ្រ​វិស័យ​កម្ចាត់មីន​នៅ​កម្ពុជា ដែល​លើក​ទី​១​នៅ​ខេត្តព្រះវិហារ ក្នុងនោះ​ការ​មុខ​ឈានដល់​ការ​បោសសម្អាត​មីន គឺ​អង្គការ​អា​ប៉ូ​ប៉ូ​ជា​អង្គការ​មួយ​ដែលមាន​ជំនាញ​បង្កាត់ និង​បង្ហាត់​កណ្តុរ ដើម្បី​រាវ​មីន ដោយ​ក្នុងនោះ នឹងមាន​កណ្តុរ ៤០​នឹង​ប្រើប្រាស់​សម្រាប់​គម្រោង នាពេល​ខាងមុខនេះ​។​

​គួរ​បញ្ជាក់ដែរថា អង្គការ APOPO មាន​មូលដ្ឋាន​នៅ​ប្រទេស​ប៊ែ​ល​ហ្សិ​ក ហើយ​សត្វ​កណ្តុរ​បាន​បង្កាត់​នៅ​ទីពិសោធន៍​នៃ​ប្រទេស​អាហ្វ្រិក ហើយ​ការដោះមីន​របស់​សត្វ​កណ្តុរ គឺ​គ្រាន់តែ​ឱយ​សញ្ញា​ចំនុច​សង្ស័យ មាន​ជាតិ​ផ្ទុះ ឬ​ហិត​រក​ក្លិន​ជាតិ​ផ្ទុះ រីឯ​ការរាវ​មីន​ជាក់លាក់​ត្រូវ​ប្រើ​ឧបករណ៍​រក​ស្រូប​ជាតិ​ដែក​តាម​បច្ចេកវិទ្យា​ទំនើប​៕