​សរសៃ​គុយទាវ​មាន​សារ​ធាតុគីមី​៥,១​គ​.​ក្រ​. ត្រូវ​រឹបអូស​ពី​ក្នុង​ផ្សារ​ពោធិ៍​កន្លែង ស្រុក​មេសាង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 December, 2018 ក+ ក-

ខេត្តព្រៃវែង ៖ មន្ត្រី​សាខា​កាំកុងត្រូល​ខេត្តព្រៃវែង​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម និង​គណៈកម្មការ​ផ្សារ នៅ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៨​បាន​សរសៃ​គុយទាវ​មាន​សារ​ធាតុគីមី​ចំនួន ៥,១​គ​.​ក្រ​. ខណៈ​បន្ត​ចុះ​ត្រួតពិនិត្យ និង​ផ្សព្វផ្សាយ​អំពី​គុណភាព សុវត្ថិភាព​ម្ហូបអាហារ និង​ម្ហូបអាហារ​វេច​ខ្ចប់​ស្រាប់ នៅក្នុង​ផ្សារ​ពោធិ៍​កន្លែង ស្ថិតនៅ​ភូមិ​វាំង ឃុំ​ជី​ផុ​ច ស្រុក​មេសាង ខេត្តព្រៃវែង​។​

​មន្ត្រី​ជំនាញ​បានធ្វើ​វិភាគ​បឋម​ទៅលើ​ផលិតផល​គំរូ​ម្ហូបអាហារ​មួយចំនួន ដូចជា​៖​សរសៃ​គុយទាវ នំ​បញ្ចុក នំ​បាញ់ហយ ត្រីងៀត ស្ករត្នោត សណ្តែកបណ្តុះ ត្រពាំង​ជ្រក់ លត​ស្វិត ដំណាប់​ល្ហុង ដើម្បី​រកសារ​ធាតុគីមី​ហាមឃាត់​ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ។ ជាមួយគ្នា​នោះ មន្ត្រី​ជំនាញ​បានធ្វើការ​ត្រួតពិនិត្យរ​ក​ភាពមិន​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​ម្ហូបអាហារ​ផងដែរ ។​

​ជា​លទ្ធផល មន្ត្រី​ជំនាញ​បាន​រកឃើញ​មាន​វត្តមាន​សារធាតុ​គីមី​ហាមឃាត់ ប៉ូ​រ៉ា​ក់ ក្នុង​សរសៃ​គុយទាវ ចំនួន​សរុប ៥.១ គីឡូក្រាម​។ ដោយឡែក​ទំនិញ​មិនមាន​ភាព​អនុលោម​នៅលើ​សំបក​វេច​ខ្ចប់​ផលិតផល​សរុប​ចំនួន ៥២.៥ គីឡូក្រាម និង​ទឹក​បរិ​សុ​ទ្ទ ម៉ាក អូ​គិ​ថា​ណា ចំណុះ ៥០០ មី​លី​លីត្រ ចំនួន ៧២ ដប ត្រូវបាន​មន្ត្រី​ជំនាញ​ធ្វើការ​ដកហូត​យកមក​រក្សាទុក​ដើម្បី​កម្ទេចចោល​នៅពេល​ក្រោយ​។ បន្ទាប់មក​មន្ត្រី​កាំកុងត្រូល​បានធ្វើ​កំណត់ហេតុ​ដកហូត និង​បានឱ្យ​តំណាង​ម្ចាស់​ផលិតផល​ទំនិញ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការដាក់​តាំង​លក់ទំនិញ​ហួស​កាល​បរិ​ចេ្ឆ​ទ​ប្រើប្រាស់​បន្តទៀត​។​

​ក្នុងឱកាស​នោះដែរ មន្ត្រី​សាខា​កាំកុងត្រូល​បាន​ណែនាំ និង​ចែក​ខិត្តប័ណ្ណ​អប់រំ​ដល់​អាជីវករ ឱ្យ​យល់ដឹង​អំពី​អនាម័យ​នៃ​ការ​ដាក់លក់​ចំណីអាហារ ជៀសវាង​ធ្វើឱ្យ​ផលិតផល​ខូចគុណភាព មាន​ចម្លង​មេរោគ ដែលនាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​បរិភោគ​៕