​កម្ពុជា នឹងមាន​សីតុណ្ហភាព​ធ្លាក់ចុះ​ត្រជាក់​ខ្លាំង​យូរ​ជាង​ឆ្នាំមុន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

​ភ្នំពេញ ៖ តំបន់​ជាច្រើន​នៅ​ទូទាំង​កម្ពុជា នឹងមាន​អាកាសធាតុ​ត្រជាក់​ខ្លាំង​ជា​ទូទៅ​ចាប់ផ្តើម​ចុះ​ត្រជាក់​ខ្លាំង​នៅក្រោយ​ថ្ងៃទី​២៥ ខែធ្នូ ហើយ​អូសបន្លាយ​រហូតដល់​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ ឆ្នាំ​២០១៩ ទើប​ប្តូរ​ទៅរក​សីតុណ្ហភាព​ដើម​ឡើងមក​វិញ​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម បាន​ប្រាប់​ឲ្យ ដឹង​នៅ​ថ្ងៃទី​១៨ ខែធ្នូ​ឆ្នាំ​២០១៨ ថា ដល់​ត្រឹម​ថ្ងៃទី​២៥​ខែធ្នូ ស្ថានភាព​អាកាសធាតុ​ជាទូទៅ​នៅ​តំបន់​ទំនាប​កណ្តាល​មិនទាន់មាន​អ្វី​ប្រែប្រួល​ទេ តែ​តំបន់​ខ្ពង់រាប ដូចជា ខេត្ត​មណ្ឌល​គី​រី រតនគីរី សីតុណ្ហភាព​បានចាប់ផ្តើម​ចុះ​នាំ​ឲ្យ​អាកាសធាតុ​ត្រជាក់​ខ្លាំង​បណ្តើៗ​ហើយ​។​

​មន្ត្រី​ដដែល​បន្តថា ចាប់ពី​ក្រោយ​ថ្ងៃទី​២៥ ខែធ្នូ សីតុណ្ហភាព​ជាទូទៅ​ចាប់​ចុះ​ហើយ និង​ត្រជាក់​ខ្លាំង​ជាង​បណ្តា​ឆ្នាំមុនៗ​នៅ​ចុង​ឆ្នាំនេះ​។ ស្ថានភាព​អាកាសធាតុ​ត្រជាក់ ដែលមាន​ការប្រែប្រួល​ខ្លះ​នេះ អូសបន្លាយ​ពេល​រហូត​ដល់​ចុងខែ​មករា ឬ​ដើមខែ​កុម្ភៈ គឺ​ត្រជាក់​មាន​រយៈពេល​វែង​ជាង​ឆ្នាំមុនៗ​។​

​លោក ចាន់ យុ​ត្ថា ក៏បាន​បញ្ជាក់​ផងដែរ​ថា ស្ថានភាព​ភ្លៀង​រដូវវស្សា​លែងមាន​ហើយ​សម្រាប់​ឆ្នាំនេះ ទឹកភ្លៀង​មាននៅ​សេសសល់​តិចតួច តែ​ប៉ែក​ខាងត្បូង​ប្រទេស​ប៉ុណ្ណោះ​។ ចំណែក​នៅ​រដូវប្រាំង​ដែល​មុននេះ​ការ​ព្យាករ​ឃើញថា រាំងស្ងួត​ខ្លាំង​នោះ អាចមាន​ការប្រែប្រួល​ម​ក​ជា​ល្អ​វិញ​ខ្លះ​៕