​ទួ​ក​គី​ចាប់​ទាហាន​១១៨​នាក់ ពាក់ព័ន្ធ​ការធ្វើ​រដ្ឋប្រហារ​បរាជ័យ​កាលពី​ឆ្នាំ​២០១៦
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

​អង់កា​រ៉ា ៖ រ​ដ្ខ​បាល​ប្រទេស​ទួ​ក​គី មិន​បោះបង់​ការស៊ើបអង្កេត​នោះឡើយ​ចំពោះ​ករណី​រដ្ឋប្រហារ​មិនបាន​សម្រេច​កាលពី​ឆ្នាំ​២០១៦ បើទោះបីជា​រដ្ឋប្រហារ​នេះ​ត្រូវបាន​បង្ក្រាប​ក៏ដោយ ហើយ​នៅពេលនេះ អាជ្ញាធរ​ទួ​ក​គី បាន​បន្ត​ចាប់ខ្លួន​មន្ត្រី​យោធា​ចំនួន​១១៨​នាក់​ផ្សេងទៀត​។​

​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​តួ​ក​គី Anadolu បាន​ឲ្យ​ដឹងថា ទោះបី​រដ្ឋប្រហារ​បញ្ចប់​ទៅ​ទាំង​បរាជ័យ អស់​រយៈពេល​ជាង​ពីរ​ឆ្នាំ​ទៅហើយ​ក្តី ក៏​បណ្តា​មន្ត្រី​រដ្ឋាភិបាល និង​ជន​ស៊ីវិល​នានា​ដែល​គេ​សង្ស័យថា ជាប់​ពាក់ព័ន្ធ​ក្នុង​ចលនា​នេះ នៅតែ​ត្រូវបាន​ស្រាវជ្រាវ និង​ចាប់ខ្លួន​ជា​បន្តបន្ទាប់ ហើយ​នាពេលនេះ​អាជ្ញាធរ​តួ​ក​គី​ទើបតែ​បាន​ចាប់​មន្ត្រី​យោធា​សរុប ១១៨​នាក់​បន្ថែមទៀត​យកទៅ​ឃុំខ្លួន​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នា​ល្ងាច​ថ្ងៃ​អង្គារ ទី​១៨ ខែធ្នូ ឆ្នាំ​២០១៨​។​

​នាយទាហាន​ទាំង ១១៨​នាក់​ខាងលើនេះ គឺ​ស្ថិតនៅក្នុង​កាតព្វកិច្ច​យោធា ហើយ​ពេលនេះ​ពួកគេ​ត្រូវ​ក្លាយជា​ជនជាប់ចោទ ដោយសារ​តែមាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​អង្គការ​ភេរវកម្ម​ប្រដាប់អាវុធ​ធំ​មួយ ដែល​អាជ្ញាធរ​តួ​ក​គី​ចាត់​ចូលទៅក្នុង​ក្រុម ដែល​បាន​ចូលរួម​ធ្វើ​រដ្ឋប្រហារ​មិនបាន​សម្រេច កាលពី​ខែកក្កដា ឆ្នាំ​២០១៦​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុននេះ កងកម្លាំង​ប៉ូលិស​តួ​ក​គី​បានចេញ​ប្រតិបត្តិការ​នៅ​ខេត្ត​ចំនួន ៤៦ ទូទាំងប្រទេស ដោយបាន​ចាប់ខ្លួន​ជនសង្ស័យ​ជាច្រើន​នាក់ តប​តាម​បទបញ្ជា​ពី​ការិយាល័យ​ប្រធាន​រដ្ឋអាជ្ញា​សាធារណ នៃ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​។ អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​ខាងលើនេះ ក៏​ត្រូវបាន​អាជ្ញាធរ​តួ​ក​គី​ចោទប្រកាន់​ផងដែរ​ថា បានធ្វើ​ការទាក់ទង ដោយផ្ទាល់​តាម​ទូរស័ព្ទ​ជាមួយ​បណ្តាញ​របស់​ចលនា​គាំទ្រ លោក ហ្គូ​ឡែ​ន ដែល​រដ្ឋាភិបាល​លោក អឺ​ដូ​ហ្គា​ន់ តែងតែ​ចោទថា ជា​មេខ្លោង​ធ្វើ​រដ្ឋប្រហារ​កំពុងស្នាក់នៅ​សហរដ្ឋអាមេរិក​៕