លោក ប៉ាវ ស៊ីណា ប្តឹង​ជំទាស់​សាលក្រម​ផ្តន្ទាទោស​រូបលោក​ដាក់ពន្ធនាគា​រ​២​ឆ្នាំកន្លះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

​ភ្នំពេញ ៖ នៅ​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ ម្សិលមិញ​នេះ លោក ប៉ាវ ស៊ីណា ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា បានដាក់​ពាក្យបណ្ដឹង ទៅ​ឧទ្ធរណ៍ ក្រោយ​សាលាដំបូង​កាត់ទោស​ឲ្យ​រូបលោក និង​មេ​សហជីព ៥​រូប​ផ្សេងទៀត ជាប់ពន្ធនាគារ​២​ឆ្នាំ​៦​ខែ តែ​ត្រូវ​ព្យួរទោស និង​បង់ប្រាក់​ជំងឺ​ចិត្ត​ទៅ​ជនរងគ្រោះ ២​នាក់ ចំនួន​៣៥​លាន​រៀល ។

​គួររំឭកថា កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០១៨ កន្លងទៅនេះ លោក ប៉ាវ ស៊ីណា និង​បេស​ហ​ជីព​ចំនួប​៥​នាក់​ផ្សេងទៀត ត្រូវបាន​ចៅក្រម​ជំនុំជម្រះ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បានប្រកាស​សាលក្រម​ឲ្យ​មេ​សហជីព​ទាំង​៦ ត្រូវ​ជាប់ពន្ធនាគារ​ម្នាក់ ២​ឆ្នាំ​៦​ខែ ប៉ុន្តែ​ទោស​ត្រូវ​ព្យួរ​។ ក្នុងនោះ​បង់​ជំងឺ​ចិត្ត ទៅ​មន្ត្រីនគរបាល​២​នាក់​រងរបួស​ចំនួន ៣៥​លាន​រៀល ពាក់ព័ន្ធ​បទល្មើស​ផ្តើមគំនិត ដឹកនាំ​បាតុកម្ម​ឲ្យ​មាន​អំពើហិង្សា នៅ​ផ្លូវ​វេ​ង​ស្រេង ក្រោយ​ការបោះឆ្នោត​ថ្នាក់ជាតិ​កាលពី​ចុងឆ្នាំ​២០១៣ និង​ដើមឆ្នាំ​២០១៤​។

មេ​សហជីព​ទាំង​៦​នាក់​នោះ រួមមាន​៖ លោក អាត់ ធន , លោក ជា មុន្នី , លោក រ៉ុង ឈុន , លោក ប៉ាវ ស៊ីណា , លោកស្រី ម៉ម ញឹម និង​លោកស្រី​យ៉ាង សុ​ភ័​ណ្ឌ​៕