រដ្ឋបាល​រាជធានី ត្រៀម​រៀបចំ​ពី​ធី​សម្ពោធ​វិមាន ឈ្នះ ឈ្នះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 19 December, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៨ បាន​ដឹកនាំ​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ ចុះ​ពិនិត្យ​ប្រព​ន្ធ័​ភ្លើង​តាម​បណ្ដោយ​មហាវិថី ឈ្នះ ឈ្នះ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន បន្ទាប់ពី​តុបតែង និង​ស្ថាបនា​រួចរាល់​នៅ​តំបន់​វិមាន​ឈ្នះ​ឈ្នះ ដើម្បី​ត្រៀម​រៀបចំ​ពី​ធី​សម្ពោធ វិមាន​អនុស្សាវរីយ៍​នយោបាយ ឈ្នះ ឈ្នះ និង​អបអរសាទរ ខួប​លើក​ទី​២០ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា ។

​វិមាន​ឈ្នះ​ឈ្នះ នឹងត្រូវ​រៀបចំ​ពិធី​សម្ពោធ​រយៈពេល​៣​យប់ ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ខាងមុខនេះ ដោយ​ដំណាលគ្នា​នឹង​ខួប​២០​ឆ្នាំ នៃ​ការបញ្ចប់​សង្គ្រាមស៊ីវិល​នៅ​កម្ពុជា​ទាំងស្រុង​នៅ​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​១៩៩៨ ក្រោម​កិច្ចប្រឹងប្រែង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ប្រារព្ធ​ពិធី​ឆ្លង​ឆ្នាំ​សកល ដែលមាន​អុច​កាំជ្រួច​បែប​3D នាពេល​រាត្រី​ផងដែរ ។

​គួររំឭកថា នៅ​ចុង​ឆ្នាំនេះ កម្ពុជា​នឹង​រៀបចំ​ព្រឹត្តិការណ៍​បុណ្យជាតិ​ធំៗ​ចំនួន​ពី​ឬ គឺ​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ និង​បុណ្យ​រំឭក​ខួប​៧​មករា​។ ដោយឡែក​ពិធី​សម្ពោធ​វិមាន​ឈ្នះ​ឈ្នះ មាន​រយៈពេល​៣​ថ្ងៃ​រួម​នឹង​ពិធី​ឆ្លង​ឆ្នាំ​សកល ដែល​នៅ​ឱកាស​នោះ​ក៏មាន​ស្តង់​ដាក់តាំង​បង្ហាញ​សមិទ្ធផល​តាម​ក្រសួង​នានា និង​ផលិតផល ផ្សេងៗ​ប្រមាណ​៦០០​ស្តង់​ផងដែរ​៕