ភ្នំពេញ ៖ រដូវត្រីប្រហុកបានមកដល់ ជារៀងរាល់ឆ្នាំខែក្នុងអំឡុងខែធ្នូ ប្រជាពលរដ្ឋខ្មែរមួយចំនួនដែលជាកសិករនៅតំបន់ជនបទនានានៅទូទាំងប្រទេស តែងតែនាំគ្នាចុះទៅតំបន់ទំនាបទីដែលសំបូរត្រីសម្រាប់ធ្វើប្រហុក ផ្អក និងឆ្អើរ ដើម្បី ទុកសម្រាប់បរិភោគ។
សម្រាប់ឆ្នាំនេះ ក៏មិនខុសឆ្នាំមុនៗដែរ រដ្ឋបាលជលផលបានប្រកាសថា ត្រីនឹងចាប់ផ្ដើមត្រូវ ពោលគឺ នេសាទបានច្រើន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២០ ខែធ្នូ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល ប្រសិនបើផ្ទៃមេឃស្រឡះល្អ និងគ្មានភ្លៀងកក់ខែ។
សេចក្ដីប្រកាសរបស់រដ្ឋបាលជលផលនេះចាត់ទុកជាដំណឹងសម្រាប់ឲ្យប្រជាពលរដ្ឋ នៅតំបន់ដែលពុំមានប្រភពត្រីច្រើនឲ្យរួសរាន់មកទិញត្រី ដើម្បីត្រៀមធ្វើផ្អកប្រហុកទុក ព្រោះនៅពេលត្រីសម្បូណ៌តម្លៃក៏ចុះទាបជាងធម្មតាផងដែរ៕