ផ្ទុះ​ឡស​ម្ងួ​ត​ស្រូវ នៅ​ស្រុក​ឧដុង្គ ស្លាប់​២​នាក់ របួសធ្ងន់​៤​នាក់ ម្ចាស់​ទីតាំង​ព្យាយាម​លាក់បាំង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ខេត្តកំពង់ស្ពឺ ៖​មនុស្ស​២​នាក់​បាន​ស្លាប់​នៅនឹងកន្លែង និង​៤​នាក់​ផ្សេងទៀត​រងរបួស​ធ្ងន់ ក្នុង​ហេតុការណ៍​ផ្ទុះ​ឡស​ម្ងួ​ត​ស្រួ​វ​មួយកន្លែង​ស្ថិតក្នុង​ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

​តាម​របាយការណ៍​រប​ស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​វេលា​ម៉ោង​០៣​និង​៤០​នាទី​រសៀល ថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ​២០១៨ នេះ មាន​ករណី​ផ្ទុះ​ឡស​ម្ងួ​ត​ស្រូវ​បណ្តាល​ឲ្យ​ស្លាប់​កម្មករ​បម្រើ​ការងា​រ​ក្នុងនោះ ចំនួន​២​នាក់ និង​រងរបួស​ធ្ងន់ធ្ង​រ​ចំនួន​៤​នាក់ ត្រូវបាន​ដឹកបញ្ជូន​យកទៅ​សង្គ្រោះ​ភ្លាមៗ​។ គ្រោះថ្នាក់​នេះ​កើតឡើង​ខណៈ ក្រុមកម្មករ​ទាំងនោះ​កំពុងតែ​បំពេញការងារ​ហើយ​ស្រាប់​ឡ​បាន​ផ្ទុះឡើង​បង្ក​គ្រោះថ្នាក់​តែម្តង​។​របាយការណ៍​ដដែល​ប​ន្ត​ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ចំណុច​ក្រុមហ៊ុន ហ្គោល​ឌិន​រ៉ា​យ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥១ ក្នុង ភូមិ ត្រពាំង​ក្រសាំង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​លោក សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​និយាយ​អោយដឹង​តាម​ទូរ​សព្ទ័​ថា ពិតជា​មាន​ករណី​ផ្ទុះ​ឡស​ម្ងួ​ត​ស្រូវ​បណ្តាលអោយ​ស្លាប់​កម្មករ​២​នាក់​និង​រងរបួស​ចំនួន​៤​នាក់​ពិតប្រាកដ​មែន​។ លោក​ថា នៅ​មុនពេល​កើតហេតុ​នោះ គឺ​ក្រុមកម្មករ​មក​បំពេញការងា​រ​ដូច​សព្វមួយដង​គឺ ពេលនោះ​ស្រាប់តែ​ផ្ទុះ​ឡស​ម្ងួ​ត​ស្រូវ​ខាងលើ​បណ្តាលអោយមាន​មនុស្ស​ស្លាប់ និង​របួស​គួរ​ឲ្យ​រន្ធត់​តែម្តង​។

​លោក សម សាមួន ស្នងការ បន្តថា​ ​អ្នកស្លាប់​ទី​១​មានឈ្មោះ អេង ច​ន្ធី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​ក្រោល​ខៀវ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល និង​ម្នាក់ទៀត​មានឈ្មោះ យឿ យ៉ា​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ រស់នៅ​ភូមិ​ប្រ​កិល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​ចំណែក​អ្នករងរបួស​ទី​១​ឈ្មោះ ងួន ប្រុស ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​ធម្ម​ស្រះ ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ទី​២ ឈ្មោះ ឌី រ៉ា​ច់ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ស្ពាន​ទំលាប់ ឃុំ​ទំនប់​ធំ ស្រុក​ពញាឮ ខេត្តកណ្តាល ទី​៣ មានឈ្មោះ ស៊ុន សុវណ្ណារ៉ា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ និង​ទី​៤ មានឈ្មោះ សូ ខៀវ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ក្នុងភូមិ​ប្រ​កិល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។​

​គួរ​កត់សម្គាល់ថា អ្នករងរបួស​ធ្ងន់ធ្ង​រទាំង​៤​នាក់ ត្រូវបាន​បញ្ជូន​យកទៅ​ព្យាបាល​អស់ហើយ ប៉ុន្តែ​ចំពោះ​សាកសព​ជនរងគ្រោះ ភាគី​ក្រុមហ៊ុន​មិន​អនុញ្ញាតអោយ​សមត្ថកិច្ច និង​អ្នកសារព័ត៌មាន​ចូល​ថតរូប​ឡើយ ហើយ​យក​សព​ទៅ​លាក់ទុក​ព្យាយាម​បិទបាំង​រឿង​ថែម​ទៀតផង តែ​ព្យាយាម​ទាក់ទង​ទៅរក​សាច់ញាតិ​ក្រុមគ្រួសារ​សព ដើម្បី​ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ក្រៅ​ប្រព​ន្ធ័​ច្បាប់​ទៅវិញ​៕