អាជ្ញាធរខេត្ត​ចុះ​បិទ​មន្ទីរ​សម្រាក​ព្យាបាល សោភ័ណ អូ​វ៉ាង ខុសច្បាប់​នៅ​ក្រុង​បាវិត
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 December, 2018 ក+ ក-

​ស្វាយរៀង ៖ មន្ទីរ​សម្រាក​ព្យាបាល សោភ័ណ អូ​វ៉ាង នៅ​ក្រុង​បាវិត ដែល​គ្មាន​ច្បាប់​អនុញ្ញាត និង​ធ្លាប់​ព្យាបាល​បណ្តាល​ឲ្យ​អ្នកជំងឺ​ស្លាប់ ត្រូវបាន​មន្ត្រី​ស្ថាប័ន​ចម្រុះ​ចុះ​បិទ​មិន​ឲ្យ​ដំណើរការ​ជា​បណ្តោះអាសន្ន​។​

​មន្ទីរ​សម្រាក​ព្យាបាល សោភ័ណ អូ​វ៉ាង នៅ​ក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០១១៨ នេះ ត្រូវបាន​លេខាធិការដ្ឋាន​លុបបំបាត់​ឱសថ​ក្លែងក្លាយ និង​សេវា​សុខាភិបាល​ភិ​បាល​ខុសច្បាប់ និង​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត និង​សមត្ថកិច្ច​ពាក់​ព​ន្ធ័​ចុះ​បិទ ដោយសារ​ពិនិត្យ​ព្យាបាល​អត់​ច្បាប់​អនុញ្ញាត និង​ចាក់​ថ្នាំ​បណ្តាលអោយ​អ្នកជំងឺ​ស្លាប់​។

ការចុះ​បិទ​មន្ទី​សម្រាក​ព្យាបាល​នេះ​បាន​ធ្វើឡើង ដឹកនាំ​ដោយ​លោក​វេជ្ជបណ្ឌិត វន វិ​ណា​រ៉ា ប្រធាន​លេខាធិការដ្ឋាន និង​ជា​មន្ត្រីនគរបាល​យុត្តិធម៌​មន្ទីរ​សុខាភិបាល និង​មាន​ការចូល​រួមសហកា​រ​ពី​លោក គង់ ច័ន្ទ​ខេ​ម​រិ​ទ្ធ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។

​គួរ​រំ​ឮ​កថា កាលពី​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៨ មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង បាន​កោះហៅ​ម្ចាស់​សេវា​មន្ទីរ​សម្រាក​ព្យាបាល សោភ័ណ​អូ​វ៉ាង ម្តង​រួចមកហើយ ដែល​បើក​ពិនិត្យ​ព្យាបាល​អត់​ច្បាប់​អនុញ្ញាត មក​បំភ្លឺ និង​បង់ប្រាក់​ផាកពិន័យ រួមទាំង​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ការផ្តល់សេវា​សិន រហូតដល់​មានការ​អនុញ្ញាត​ច្បាប់​ពី​ក្រសួងសុខាភិបាល ។ ប៉ុន្តែ​ម្ចាស់​សេវា​ខុសច្បាប់​មួយ​នេះ មិន​ព្រម​មក​បង់ប្រាក់​ពិន័យ ហើយ​នៅតែ​បន្ត​ការផ្តល់សេវា ដែល​ហាក់ដូចជា​មិន​អើពើ​នឹង​ច្បាប់ទម្លាប់​បន្តិច​ណា​សោះ​៕